ព្រោះជីតាបង្កើតចិត្តអប្រិយ បង្អត់អាហារ នៅសល់ទម្ងន់ត្រឹម ១៦kg ស្មានពុំដល់ថា នាងបានរំលងផុតរណ្តៅ “មច្ចុរាជ” ប្រែក្លាយជាកញ្ញាស្រស់ប្រិមប្រិយម្នាក់…។
នារីវ័យក្មេងពុំបញ្ចេញឈ្មោះម្នាក់នេះ រស់នៅទីក្រុង Kyoto ភាគកណ្តាលប្រទេសជប៉ុន បានក្លាហានហ៊ានចែករំលែកអតីតកាលគួរឲ្យព្រឺព្រួចរបស់ខ្លួនលើបណ្តាញសង្គម Twitter។ តាមនោះ នាងធ្លាប់រស់នៅជាមួយជីតាបង្កើត ហើយរូបគាត់នេះឯងបានបង្អត់ចំណីអាហារ ធ្វើបាបលើរាងកាយ រហូតមានត្រឹមតែស្បែកដណ្តប់ឆ្អឹងប៉ុណ្ណោះ។ ទម្ងន់របស់នាងពេលនោះត្រឹមតែ 36 Pounds (ជាង ១៦,៧kg) ។
នាងតំណាលប្រាប់ថា ជីតារបស់នាងតែងហាមឃាត់មិនឲ្យនាងបរិភោគ ហើយច្រើនត្រូវទាត់ចំពោះមុខយ៉ាងសាហាវ រៀងរាល់ពេលនាងលួចប៉ះពាល់ម្ហូបចំណី។ នៅពេលបែបនេះម្តងៗ នាងប្រឹងក្អួតចេញដើម្បីបញ្ចៀសពីការវាយដំ ប៉ុន្តែក៏មានពេលខ្លះនាងប្រឹងលេបចូលបាត់ ព្រោះតែ…ឃ្លានពេក។
សំណាងល្អដែលនាងត្រូវបានរំដោះផុតពីជីតាចិត្តឃោរឃៅរូបនេះ ហើយមានឱកាសសាងជីវិតថ្មី។ ១០ឆ្នាំក្រោយសោកនាដកម្ម នាងបានស្តារកាយសម្បទាត្រឡប់មកភាពស្រស់ថ្លា នៃយុវវ័យ អាយុស្របាល ២០ឆ្នាំ -វ័យដ៏ស្រស់ស្អាតបំផុតរបស់មនុស្សម្នាក់។
ថ្វីបើនាងពុំទម្លាយប្រាប់ពីរឿងហេតុ បានលើកឡើងចំពោះជីតាខ្លួនក្តី តែនាងបានអះអាងខ្លាំងៗថា ៖ គ្មានអ្វីគួរឲ្យខ្លាចជាងការស្រេកឃ្លាន ហើយអ្នកដែលអ្នកទាំងឡាយដែលបោះបង់អាហារពុំព្រមបរិភោគ ពិតជាគួរឲ្យស្តីបន្ទោសពេកណាស់។
នាងក៏បានអំពាវនាវឲ្យអ្នកកំពុងរងអំពើហិង្សា ឬភាពពុំប្រក្រតីនៃការ “ឃ្លាន” អាហារ ចូរស្វែងរកជំនួយមុនទាន់នៅអាច… ជួយបាន!។