Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​កំពុងស្ថិត​នៅក្នុង​តំបន់​សម្ពាធ​ទាប ហើយ​កំពុង​រង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​(ITCZ) នឹង​បង្ក​ឲ្យ​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ភ្លៀង​បន្ត ធ្លាក់​ច្រើន​ថ្ងៃ​ទៅមុខទៀត​

​បាត់ដំបង​៖ កម្ពុជា​កំពុងស្ថិត​នៅក្នុង​តំបន់​សម្ពាធ​ទាប ហើយ​កំពុង​រង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​(ITCZ) ទន្ទឹមនឹងនោះ​សម្ពាធ​ទាប​សកម្ម​(Active Low) នៅ​ចុង​ប្រព័ន្ធ​សម្ពាធ​ទាប នឹង​វិ​វត្ត​ប្រែប្រួល​ជា​បន្តបន្ទាប់​។ ឯកឧត្តម លឹម គានហោ បន្ត​បេសកកម្ម​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង ។​

​ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បង្កើត​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះទឹកជំនន់ ជាពិសេស​អ្នករស់នៅ​តាម​តំបន់​ជួរ​ភ្នំ​ដងរែក ភ្នំ​ក្រវ៉ា​ញ និង​តំបន់​មាត់សមុទ្រ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា អនុវត្ត​ទៅតាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២០ និង​យោងតាម​ការវិវត្ត​ជាក់ស្តែង​នៃ​ស្ថានភាព​អាកាសធាតុ បង្ហាញថា កម្ពុជា កំពុងស្ថិត​នៅក្នុង​តំបន់​សម្ពាធ​ទាប ហើយក៏​កំពុង​បន្ត​ទទួល​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ទន្ទឹមនឹងនោះ សម្ពាធ​ទាប​សកម្ម (Active Low) នៅ​ចុង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប នឹង​វិ​វត្ត​ប្រែប្រួល​ជា បន្តបន្ទាប់ ។​

​លក្ខណៈ​បែបនេះ នឹង​បង្ក​ឲ្យ​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ភ្លៀង​បន្ត ធ្លាក់​ច្រើន​ថ្ងៃ​ទៅមុខទៀត​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដែល​ធ្វើ​ឲ្យ​បណ្ដា​ខេត្ត​ភាគ​ពាយ័ព្យ និង​ភាគ ខាងជើង ស្ថិតក្នុង​ភូមិសាស្ត្រ​ជាប់​ជួរ​ភ្នំ​ដងរែក និង​ជួរ​ភ្នំក្រវាញ អាច​បន្ត​មាន​ជំនន់​ទឹកភ្លៀង​បន្ថែមទៀត ។ អំឡុងពេល​ជាមួយគ្នា​នោះ នៅ​តំបន់​មាត់សមុទ្រ និង​លើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀង ខ្យល់ បក់បោក​លាយឡំ និង​រលក​សមុទ្រ​ខ្ពស់ៗ ។​

​យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​សាធារណជន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់ ខាងលើ សូមជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត ដើម្បី ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ។​

​នៅ​ព្រឹក ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ព្រមទាំង​ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​និង​ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឯកឧត្តម ម៉ៅ ចន្ទ​តារា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​រុក្ខ​គិរី ឯកឧត្តម នួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ ក្រុមមន្ត្រី​បច្ចេកទេស និង​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​យ៉ាងគំហុក​ដែល​បាន​ហូរ​បុក​ផ្តាច់​ទំនប់​អាងទឹក​បាសាក់ ស្ថិតនៅ​ឃុំ​ព្រែកជីក និង​ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ធ្វើ​ឲ្យ​លិច​លង់ដល់​ភូមិឋាន​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ដំណាំ​ដាំ​ដុះ​ក្នុងភូមិ​សាស្ត្រ​ខាងលើនេះ និង​ផ្នែក​ទំនាប​នៅ​ខាងក្រោម ។

​ជារួម ទឹកជំនន់​ទឹកភ្លៀង​នេះ បាន​ស្រក​ជា​បណ្ដើរៗ​ហើយ​នៅ​ប៉ែក​ខាងលើ គឺ​នៅ​ឃុំ​បាសាក់ និង​ផ្នែក​មួយចំនួន​នៃ​ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ប៉ុន្តែ​វា​នឹង​បង្ក​ការ​ជន់​លិចទៅ​ផ្នែក​ខាងក្រោម​ក្នុងស្រុក​មោងឫស្សី​ជា​បន្ត ។

​ក្រោយពី​ចុះ​ពិនិត្យ​ជាក់ស្តែង​ដល់ទី​តាំង​ដែល​ជួប​រងគ្រោះ​ជំនន់​ទឹកភ្លៀង​នា​ព្រឹក​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម ព្រមទាំង​សហការី​ខាង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​បន្ត​បេសកកម្ម​ជួយ​ប្រជាពលរដ្ឋ​ជា​បន្ត ។

​ចំណែក ឯកឧត្តម​រដ្ឋមន្ត្រី លឹម គានហោ ព្រមទាំង​សហការី​ថ្នាក់​រដ្ឋលេខាធិការ​, អនុរដ្ឋលេខាធិការ ព្រមទាំង​មន្ត្រី​បច្ចេកទេស​រួម​ដំណើរ​ទាំងអស់ បានសម្រេច​ចេញ​នូវ​ផែនការ​ទប់​ទំនប់​អាងទឹក​បាសាក់​ឡើងវិញ​ជា​បន្ទាន់ដោយ​ប្រើប្រាស់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​កូរ៉េ​ដែល​កំពុង​ប្រ​ត្តិ​ប​ត្តិ​ការ​នៅ​ទំនប់​ដូន​ទ្រី​ក្បែរ​នោះ​ស្រាប់ ដោយ​ប្រើ​គ្រឿងចក្រ​ធុន​ធ្ងន់ ចំនួន ១៨​គ្រឿង ចាក់​ល្បាយ​ថ្ម ទំហំ ៦០​ស​.​ម និង​ដី​ជួសជុល​ចាក់​បិទ​ទំនប់​ដេញ​មក​បណ្តើរៗ និង​ចុង​ម្ខាង​ទៀត​បាន​ត្រៀម​គ្រឿងចក្រ​ធុន​ធ្ងន់​ចំនួន ១៤​គ្រឿង គឺ​បាន​ត្រៀម​មធ្យោបាយ​ស្ទើរ​គ្រប់គ្រាន់​ទាំងអស់ ហើយ​ធ្វើការ​វាយ​សម្រុក​ជួសជុល​បិទ​ផ្ចិត​ទំនប់​ដែល​ដាច់​ឲ្យ​ជាប់​ដូចដើម​ក្នុង​រយ​:​ពេល ២ ឬ​៣​ថ្ងៃ បើទោះបី​ស្ពាន​បេ​ឡេ​ដែល​ខេត្ត​សន្យា​ជួយ​ត​ភ្ជាប់​ផ្លូវ​មិនទាន់រួច​ក៏ដោយ ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ​បន្ថែម និង​រក្សា​ទឹក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​សម្រាប់​ការងារ​បង្កបង្កើនផល​នាពេលខាងមុខ ។​

​ក្រៅពី​ជំនន់​ទឹកភ្លៀង​នៅក្នុង​ស្រុក​រុក្ខ​គិរី និង​ស្រុក​មោងឫស្សី ស្រុក​មួយចំនួនទៀត​ក្នុង​ខេត្តបាត់ដំបង រួមមាន​ស្រុក​សំឡូត ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក និង​ស្រុក​ប​វេ​ល ក៏​កំពុង​ប្រឈម​សោយ​ការយាយី​ពី​ជំនន់​ទឹកភ្លៀង​នេះ​ផងដែរ ។​

​ថ្នាក់ដឹកនាំ​ក្រសួង មន្ទីរ​ធនធានទឹក និង​ឧតុនិយម គ្រប់​រាជធានី​-​ខេត្ត អាជ្ញាធរ​ពាក់ព័ន្ធ បាន​បន្ត​តាមដាន និង​ធ្វើការ​អន្តរាគមន៍​ជា​បន្តបន្ទាប់​លើ​គ្រោះមហន្តរាយ​ជំនន់​ទឹកភ្លៀង​នាពេល​បច្ចុប្បន្ននេះ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×