Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សៅ សុខា ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​អំពី​វិធានការ​អនាម័យ តាម​ក្រសួងសុខាភិបាល ដើម្បី​រួមគ្នា​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ដ៏​កាច​សាហាវ​

​ស្វាយរៀង ៖ លោក សៅ សុខា ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ស្រុក​រមាសហែក នៅ​ថ្ងៃ ទី​១០ ខែតុលា​ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​ក្រុមការងារ​ប្រគល់​សម្ភារ និង​គ្រឿង​បរិក្ខារ ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​រមាសហែក ដើម្បី​ឆ្លើយតប​យុទ្ធនា​ការបង្ការ ទប់ស្កាត់ ជំងឺឆ្លង​កូ​វីដ​-១៩​។​

​ក្នុង​ពិធី​ប្រគល់​នោះ​លោក​ប្រធាន បាន​ថ្លែងថា បច្ចុប្បន្ន​ស្ថានភាព​ជំងឺឆ្លង​កូ​វីដ​-១៩ បាននិងកំពុង​រីក​រា​ល​ដាល​ក្នុង​ពិភពលោក ហើយ​បញ្ហា​នេះ​គឺជា​បន្ទុក​ដ៏​លំបាក​ធ្ងន់ធ្ងរ​សម្រាប់​នៅ​កម្ពុជា​យើង​ផងដែរ​។ នៅក្នុង​ស្ថានការណ៍​នេះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បាននិងកំពុង​យកចិត្តទុកដាក់​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ដ៏​លំបាក​នេះ ហេតុដូចនេះ​ហើយ​ដើម្បី​រួមចំណែក​ការលំបាក​ជាមួយ​រាជរដ្ឋាភិបាល​នេះ ក្នុងនាម​លោក ផ្ទាល់​តែង​បាន​យកចិត្តទុកដាក់​ដោះស្រាយ​ផ្ដល់​ស្បៀងអាហារ​ទំនុកបម្រុង​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រឈម​ការខ្វះខាត រួម​នឹង​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ជា​បន្តបន្ទាប់​ដែល​បម្រើឱ្យ​សកម្មភាព ប្រយុទ្ធ​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​-១៩ និង​បានធ្វើ​ការបែងចែក​សម្រាប់​បង្ការ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​អាជ្ញាធរ​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់​ក្នុង​ខេត្ត​ផងដែរ​។​

​ក្នុងនោះ​ផងដែរ លោក​ប្រធាន​បាន​បញ្ជាក់ថា សកម្មភាព​ទាំងអស់នេះ គឺ​មិនអាច​ខ្វះ​បាន​ពី​ការចូលរួម របស់​សប្បុរសជន ជា​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ និង​ក្រុមហ៊ុន​សហគ្រាស​នានា ដែល​គិត​មកដល់ពេលនេះ ជំនួយ​ឧបត្ថម្ភ​របស់​សប្បុរស​ជន​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​-១៩ ជូន​ដល់​រដ្ឋាភិបាល​មាន​គ្រឿងឧបភោគ បរិភោគ សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​មួយចំនួន​បម្រើ​ដល់​សកម្មភាព​ប្រយុទ្ធ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ បាន​ឆ្លើយតប​យ៉ាង​ល្អប្រសើរ​ផងដែរ​។​

​លោក​ក៏បាន​ផ្ដាំផ្ញើ​ដល់​គ្រូពេទ្យ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​ក្នុង​ខេត្ត​ទាំងអស់ ឱ្យ​បន្ត​ការខិតខំ​យកចិត្តទុកដាក់ និង​សហការ​ថែមទៀត ឱ្យ​បានល្អ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​រួម​នឹង​អ្នកពាក់ព័ន្ធ​ពិសេស​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​អំពី​វិធានការ​អនាម័យ តាម​ក្រសួងសុខាភិបាល គឺ​ក្នុង​គោលដៅ​រួម ដើម្បី​ធ្វើយ៉ាងណា​រួមគ្នា​ទប់ស្កាត់​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​សម្ភារ​ដែល​បាន​ប្រគល់ជូន​រួមមាន​៖ សាប៊ូ​លាងដៃ ៦៦០​ដុំ​, ម៉ាស ១០២០​ប្រអប់​, អាល់កុល ១៧៤០​លីត្រ ផងដែរ​៕ ដោយ៖វ៉ៃ​កូ​


×