ព្រះសីហនុ៖ ថ្មីៗនេះ មានរឿងរ៉ាវមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងតែម្តង រវាងអតិថិជន និងអាជីវករស៊ីឈ្នួលស្រុះក្តាមនៅផ្សារលើ (កំពង់សោម) ដែលបានឈ្លោះប្រកែកគ្នាឈានដល់សឹងតែបង្កហិង្សា ដោយសាររឿងចោទរកស៊ីលួចបន្លំក្តាម ខណៈពេលយកមកស្រុះម្តងៗ។
បើតាមបងប្រុសម្នាក់ដែលរងការលួចបន្លំក្តាមបានប្រាប់ឲ្យដឹងថា គាត់ក៏បានទិញក្តាមញីសុទ្ធល្អៗ៣គីឡូ (ស្មើ ១២ ម៉ឺនរៀល) ពីកន្លែងតូបផ្សេង និងយកមកស្រុះនៅកន្លែងមួយដែលធ្លាប់មកស្រុះរាល់ដង ហើយពេលស្រុះរួចក៏ស្រាប់តែរកឃើញលួចបន្លំដូចៗមុនតែម្តង ដោយក្តាមញីប្តូរទៅជាក្តាមឈ្មោលទាំងអស់ ។ ដោយលើកនេះមិនអាចអត់ឱនឲ្យបាន គាត់ក៏បានធ្វើការតវ៉ាភ្លាមៗសុំយកក្តាមល្អៗរបស់គាត់មកវិញតែម្តង។
តាមរយៈវីដេអូ ក៏បានបង្ហាញឲ្យឃើញថា ពេលមកតវ៉ា អ្នកស្រុះក្តាមបានប្រកែកថា គាត់ (អតិថិជន) យកក្តាមស្រុះរួចផ្សេងច្រឡំដោយខ្លួនឯង ប៉ុន្តែ គាត់ក៏បានបញ្ជាក់ទៅវិញថា គាត់យកពីអ្នកស្រុះហុចឲ្យដោយផ្ទាល់ដៃ ច្បាស់ណាស់ កុំចង់មកប្រកែកថាច្រឡំឲ្យសោះ ព្រោះលួចបន្លំច្រើនដងហើយ តែគាត់មិនមាត់។ គាត់ថា « ៣ គីឡូ ទេ វាមិនណាស់ណាទេ ប៉ុន្តែ គាត់ស្អប់អាទង្វើលួចបន្លំហ្នឹង…» ។
ទោះយ៉ាងណា ខណៈពេលនោះ អ្នកស្រុះក្តាមដែលរងការចោទហាក់ដូចជាពុំបង្កជាសំដីធំ ទៅកាន់គាត់ជាអតិថិជនប៉ុន្មានទេ ប៉ុន្តែ អ្វីដែលហួសចិត្តបំផុតនោះ គឺបុរសម្នាក់ និងស្ត្រីម្នាក់ បែរជាចូលមកឈឺឆ្អាល ហើយចង់បង្កអំពើហិង្សាទៀត ដែលធ្វើឲ្យមនុស្សម្នាផ្អើលមកចោមរោមពេញក្នុងផ្សារលើតែម្តង។ តែសំណាងហើយ ដែលកុំបានបងប្អូនអាជីវករដទៃឃាត់ស្ត្រី និងបុរសដែលពោរពេញដោយកំហឹង ពុំនោះទេ ច្បាស់ជាអាចបង្កឲ្យរបួសស្នាមហើយ។
ជាមួយគ្នានេះផងដែរ បងប្រុសខាងលើដែលមានគណនីហ្វេសប៊ុកឈ្មោះ Pak Chantha បានបង្ហោះវីដេអូ និងភ្ជាប់សាររៀបរាប់ទាំងក្តៅចិត្តឲ្យបងប្អូនបានដឹងថា៖ «ជើងកាងប្រចាំផ្សារលើ កំពង់សោម កន្លែងស្រុះ ក្តាមចាំបង្កហឹង្សា នៅពេលដែលអ្នកដែលទៅតវ៉ារឿងប្តូរក្តាម។ ធ្លាប់តែធ្វើស៊ីគេបានស្រួលៗ គេ ខំទិញក្តាមល្អ តែប្តូរអាអត់ល្អឲ្យ ហើយចង់រករឿងបង្កហិង្សាទៀត ពិតជាថោកទាបណាស់។»
ហេតុនេះ គាត់ក៏សំណូមពរដល់ម្ចាស់ប្រធានផ្សារលើកំពង់សោម មេត្តាចាត់វិធានការណ៍ចំពោះជនទាំងនោះ ផង ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកយ៉ាងខ្លាំង»៕ ដោយ៖ លឹម ហុង