បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងជួយសម្រួលការធ្វើចរាចរណ៍ នៅលើកំណាត់ផ្លូវដែលរងការជន់លិច ដូចជាការផ្អាកការធ្វើដំណើរឆ្លងកាត់ និងការដាក់ស្លាកសញ្ញាសម្គាល់ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ ជាពិសេសបងប្អូនប្រជាពលរដ្ឋ នៅតំបន់មានការជន់លិច យកចិត្តទុកដាក់តាមដានព័ត៌មាន និងការណែនាំរបស់អាជ្ញាធរ ដើម្បីការពារសុវត្ថិភាព រាល់ពេលធ្វើដំណើរនៅតំបន់ដែលមានការជន់លិច។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានមានប្រសាសន៍លើបណ្តាញសង្គមហ្វេសប៊ុកថា ជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត
ដោយសារស្ថានភាពភ្លៀងធ្លាក់ខ្លាំង នៅតែបន្តកើតមាន ធ្វើឲ្យជន់លិចភូមិដា្ឋន ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែង ជាពិសេសនៅតាមបណ្ដាខេត្តភាគពាយ័ព្យប្រទេស ខ្ញុំសូមណែនាំ ឯកឧត្តម លោកជំទាវ បន្តយកចិត្តទុកដាក់ជាអាទិភាពបំផុត លើកិច្ចការសង្គ្រោះអាយុជីវិត និងដោះស្រាយបញ្ហាប្រឈមចំពោះមុខ ។
សម្តេចក្រឡាហោម បានថ្លែងថា នៅក្នុងស្ថានភាពនេះ ការធ្វើចរាចរណ៍នៅតាមដងផ្លូវ ដែលមានការជន់លិចក៏អាចបង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ ហេតុដូច្នេះ ខ្ញុំសូមណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងជួយសម្រួលការធ្វើចរាចរណ៍ នៅលើកំណាត់ផ្លូវដែលរងការជន់លិច ដូចជាការផ្អាកការធ្វើដំណើរឆ្លងកាត់ និងការដាក់ស្លាកសញ្ញាសម្គាល់ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ។
សម្តេច ស ខេង បានបញ្ជាក់ថា “ខ្ញុំក៏សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ នៅតំបន់មានការជន់លិច យកចិត្តទុកដាក់តាមដានព័ត៌មាន និងការណែនាំរបស់អាជ្ញាធរ ដើម្បីការពារសុវត្ថិភាព ជាពិសេសរាល់ពេលធ្វើដំណើរនៅតំបន់ដែលមានការជន់លិច” ៕ដោយ៖បញ្ញាស័ក្តិ