Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​មិន​ប៉ុន្មាន​ម៉ោង​ទៀត​ទេ ទឹកភ្លៀង​ដែល​បាន​ជន់​លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ​នឹង​ស្រក​អស់ មកជា​ធម្មតា​វិញ​ហើយ​

​ភ្នំ​ពេ​ញា​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បានបញ្ជាក់​ឲ្យ​ដឹងថា នៅសល់​ប្រមាណ​ជា​៣​ទៅ ៤​ម៉ោង​ទៀត​ប៉ុណ្ណោះ ពោលគឺ​នៅ​រសៀល​ថ្ងៃទី​១២​ខែតុលា​នេះ ទឹកភ្លៀង​ដែល​បាន​ជន់​លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ​នឹង​ស្រក​អស់​មកជា​ធម្មតា​វិញ ខណៈដែល​ក្រុមការងារ​បាននិងកំពុង​ប្រតិបត្តិការ​ក្នុងការ​បូមទឹក​ចេញ​នៅ​ស្ថានីយ​បឹងទំពុន ក្រោយពី​ភ្លៀង​បាន​បង្អុរ​យ៉ាងខ្លាំង​កាលពី​រសៀល​និង​យប់​ថ្ងៃទី ១១ ខែតុលា ដោយ​ចាប់ពី​ម៉ោង​២​និង​៣០​នាទី​រសៀល រហូតដល់​ម៉ោង​១​រំលងអធ្រាត្រ​។​

ការបញ្ជាក់​បែបនេះ របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង ខណៈដែល​លោក ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យមើល​ស្ថានភាព​ស្ថានីយ​បូមទឹក​បឹងទំពុន​នា​ព្រឹក​ថ្ងៃទី ១២​ខែតុលា​នេះ​។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ខណៈដែល​យើង​ប្រតិបត្តិការ​ក្នុងការ​បូមទឹក​នៅ​ស្ថានីយ​បឹងទំពុន​នេះ គឺ​យើង​បាន​បិទទ្វារ​ទឹក​ចំនួន ៣​កន្លែង នោះ​គឺ​បិទទ្វារ​ទឹក នៅ​ប្រឡាយ​បារាំង​នៅ​បឹង​សាឡាង និង​នៅមុខ​មន្ទីរ​ពេទ្យរុស្ស៊ី ដែល​ការបិទ​នេះ គឺ​ដើម្បី​សង្គ្រោះ​ម៉ាស៊ីនបូមទឹក​នៅ​ស្ថានីយ​បឹងទំពុន​នេះ​កុំ​ឲ្យ​ផ្ទុះ ។​

លោក​បន្តទៀតថា ក្រោយពី​ក្រុមការងារ​បាន​សម្រុក​បូ​ម​ទឹក​នៅ​ស្ថានីយ​បឹងទំពុន​នេះ ឃើញថា ទឹកបាន​ស្រក​ចុះ​មួយចំនួនធំ​ហើយ ពិសេស​នៅមុខ​ម៉ុង​ឌី​យ៉ា​ល់​ក៏បាន​ស្រក​អស់​ផងដែរ ហើយ​វា​នឹង​បន្ត​ស្រក​នៅ​តំបន់​មួយចំនួនទៀត ។​

លោក​ឃួ​ង ស្រេង ក៏បាន​បញ្ជាក់ទៀតថា បើ​មាន​ភ្លៀង​ខ្លាំង​បែបនេះ​ទៀត គឺ​យើង​បាន​ត្រៀម​រួចរាល់​ហើយ ទាំង​បញ្ជាការដ្ឋាន​អង្គរក្ស​ដែលមាន​ម៉ាស៊ីន​ជួយ​អន្តរាគមន៍ ១០​ទៅ​២០​គ្រឿង ដើម្បី​ស្ដារ​ស្ថានភាព​ឲ្យ​មក​ដំណើរការ​ជាធម្មតា​វិញ ។​

ក្នុងនោះដែរ លោក​ឃួ​ង ស្រេង ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ មេត្តា​យោគយល់​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយសារ​ការលិចលង់​នេះ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រឹងប្រែង​ខ្លាំងណាស់ ដើម្បី​ដោះស្រាយ​លើ​ការលិចលង់​លំនៅដ្ឋាន ប្រជាពលរដ្ឋ​ដោយសារតែ​ភ្លៀង ដែល​បានអូសបន្លាយ​រយៈពេល​យូរ​នេះ​។​

លោក​បន្តថា គ្រោះធម្មជាតិ​កាលពី​យប់មិញ ជា​គ្រោះធម្មជាតិ​មួយ​ដែល​រាជធានី​ភ្នំពេញ​របស់​យើង មិនដែល​ជួបប្រទះ​ទេ ហើយ​នេះ​ក៏​ជា​មេរៀន​មួយ​ដែល​យើង​ត្រូវ​កត់ត្រា​ទុក ដើម្បី​ធ្វើ​កិច្ចការងារ​របស់​យើង​ឲ្យ​បានល្អ​ប្រសើរ​ថែមទៀត ក្នុងការ​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ​។ លោក​ថា ឆ្នាំ​ខាងមុខ​យើង​នឹង​យក​កម្រិត​ទឹកភ្លៀង​នៅពេលនេះ ដើម្បី​រៀបចំ​ម៉ាស៊ីនបូមទឹក ប្រឡាយ អាង​ស្តុក​ទឹក​ឱ្យមាន​ស្ថិរភាព​ល្អប្រសើរ​ទៅ​ថ្ងៃ​អនាគត​។​

គួរបញ្ជាក់​ផងដែរ​ថា កំណាត់​ផ្លូវ​៣៧១ នៅ​ចំណុច​ស្ថានីយ​បឹងទំពុន​នេះ កាលពី​យប់មិញ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្ខំចិត្ត​ក្នុង​ការបិទ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន ហើយ​បានដាក់​ឲ្យ​ដំណើរការ​ឡើងវិញ កាលពី​ព្រឹក​ថ្ងៃទី​១២ តុលា​នេះហើយ​ស្ថានភាព​នៅ​ស្ថានីយ​នេះ​ឃើញថា មាន​លក្ខណៈ​ល្អប្រសើរ​ឡើងវិញ​ហើយ​។​

​រហូតមកដល់​ព្រឹក និង​បន្ត​មកដល់​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ កំពុងមាន​វត្តមាន​ប​ន្ត​ដឹកនាំ​មន្ត្រី ចុះ​ពិនិត្យ​ស្ថានីយ៍​បូមទឹក​៣៧១ ដើម្បី​រក​វិធីសាស្ត្រ​រំដោះ​ទឹក​ដែល​បាន​ជន់​លិច​ស្ថានីយ និង​បណ្តា​យ​ផ្លូវ​ក្នុងភូមិ​មួយចំនួន​នៃ​សង្កាត់​បឹងទំពុន​១ និង​សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឱ្យទៅ​ហូរ​ទៅកាន់​កន្លែង​ស្តុក​ទឹក​នៃ​បឹង​ធំៗ​នៅ​ជាយ​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា កាលពី​យប់មិញ គឺ​រយ​:​ពេល​ជាច្រើន​ម៉ោង មន្ត្រី​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាននិងកំពុង​ព្យាយាម​យ៉ាង​យកចិត្តទុកដាក់ ក្នុងការ​រំដោះ​ទឹក​ជន់​ចេញពី​ស្ថានីយ​បូមទឹក​៣៧១ ខណៈដែល​គិត​ត្រឹម​ព្រឹក ថ្ងៃទី​១២​ខែតុលា ឆ្នាំ​២០២០ ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខ្លាំង​, ហើយ​ស្ទើរ​ពេញ​មួយ​ថ្ងៃនេះ ក្នុង​រាជធានី​ភ្នំពេញ ទទួល​របាយ​ទឹកភ្លៀង​ច្រើន​បង្គួរ ពោលគឺ គ្រប់កន្លែង​ជូន​រលឹម ជូន​ខ្លាំង បណ្ដាល​ឲ្យ​ទឹក​លិចលង់​ច្រើន​កន្លែង​។​

​សូមបញ្ជាក់ថា ស្ថានីយ​បូមទឹក​បឹងទំពុន ៣៧១ នេះ ស្ថិតក្នុង​សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា នេះ លើ​បណ្តោយ​ផ្លូវ​៣៧១ ត្រូវបាន​បើក​ចរាចរណ៍​ធម្មតា​ទេ ដើម្បី​អាចឱ្យ​ក្រុមការងារ​ជំនាញ​ត​ទុយោ​បូមទឹក​ចេញពី​ទីតាំង​កំពុង​ជន់​លិច នាំយកទៅ​ទម្លាក់​ក្នុង​ផ្ទៃ​បឹងទំពុន​វិញ​។​

​ជាក់ស្ដែង មកដល់​ព្រឹក​ថ្ងៃទី​១២ ខែតុលា និង​បន្ត​មកដល់​ពេល​រសៀល​ថ្ងៃ​ដដែល​នោះ មន្ត្រី​ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ កំពុង​រិះរក​វិធីសាស្ត្រ​រំដោះ​ទឹក​ចេញពី​តំបន់​ស្ថាន​នី​យ​បូមទឹក​៣៧១ និង​ទឹក​ជន់​លិច​តាម​បណ្ដា​ផ្លូវ​ជាច្រើន​ទៀត​ក្នុង​សង្កាត់​បឹងទំពុន​១ និង​សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕​ដោយ​៖ មី​ដា និង​បញ្ញា​ស័ក្តិ​

×