Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់​ទឹកភ្លៀង​ធ្វើ​ឲ្យ​លិចលង់​នៅ​ស្រុក​គាស់ក្រឡ ដែលជា​ស្រុក​មួយ​តែង​ជួប​បញ្ហា​គ្រោះរាំងស្ងួត​

​បាត់ដំបង​៖​បញ្ហា​ជំនន់​ទឹកភ្លៀង​នា​ចុងរដូវ​វស្សា ក្នុង​ឆ្នាំ​២០២០​នេះ មិន​ត្រឹមតែ​បង្ក​ឲ្យ​មានការ​ជន់​លិច​នៅតាម​បណ្ដា​ស្រុក​ជាប់​នឹង​ស្ទឹងធំៗ​ក្នុង​ខេត្ត ឬ​ស្រុក​ជាប់​ព្រំដែន​ថៃ​នោះទេ វា​ក៏បាន​បង្ក​ឲ្យ​មានការ​លិចលង់ និង​ប៉ះពាល់​ដល់​ស្រុក​គាស់ក្រឡ ដែលជា​ស្រុក​មួយ​តែង​ជួប​បញ្ហា​គ្រោះរាំងស្ងួត​សឹង​រាល់​ឆ្នាំ និង​មាន​ស្ថាន​ដី​ខ្ពស់​មិន​ងាយ​មាន​ទឹកជំនន់​ហូរ​ដល់ ស្ទើរតែ​គ្រប់​ឃុំ​។​

​ដោយ​ទឹកជំនន់​ហូរ​ដល់​ស្រុក​គាស់ក្រឡ​នេះ គឺ​ហូរ​ចេញពី​ស្រុក​សង្កែ និង​ស្រុក​បាណន់ ព្រោះថា ស្រុក​ទាំងពីរ​នេះ កំពុង​ជួប​បញ្ហា​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ​ផងដែរ ក្នុងចំណោម​បណ្ដា​ក្រុង និង​ស្រុក​មួយចំនួនទៀត​។​

​លោក ញឹក សា​រ៉ែ​ន អភិបាល​ស្តីទី​ស្រុក​គាស់ក្រឡ បាន​លើកឡើងថា ទឹកជំនន់​នាពេលនេះ បាន​ប៉ះពាល់​ខ្លាំង​នៅក្នុង​ឃុំ​ហប់ រហូតដល់​មានការ​លិចលង់​ផ្ទះ​ពលរដ្ឋ​ចំនួន​៧៩​គ្រួសារ និង​ត្រូវបាន​អាជ្ញាធរ និង​កងកម្លាំង​ទាំង​៣ បាន​ជួយ​អន្តរាគមន៍​យកមក​កាន់​ទីទួល​សុវត្ថិភាព ដោយ​មិនមាន​អ្ន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​។​

​លោក​អភិបាលស្រុក​ស្តីទី បាន​បញ្ជាក់ថា ចំពោះ​ទឹកជំនន់​នេះ ក៏បាន​ហូរ​ចូលក្នុង​ស្រះ​ទឹកធំៗ​ក្នុងស្រុក​ទាំងមូល ដើម្បី​ទុក​សម្រាប់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ក្នុង​រដូវប្រាំង​នាពេលខាងមុខ ហើយ​កម្រិត​ទឹក​ដែល​ចូលក្នុង​ស្រះ​ទឹក​ទាំងអស់នោះ នឹងធ្វើ​ឲ្យ​ស្រុក​គាស់ក្រឡ ដោះស្រាយ​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​បាន​មួយផ្នែកធំ​ផងដែរ​។​

​ពលរដ្ឋ​ជួប​គ្រោះទឹកជំនន់ រស់នៅក្នុង​ឃុំ​ហប់ បាន​លើកឡើងថា ក្នុង​តំបន់​ពួកគាត់​រស់នៅ​មិនដែល​ជួប​បញ្ហា​គ្រោះទឹកជំនន់​ដូច​ឆ្នាំនេះ​ទេ ដោយ​វា​បាន​ឡើង​ខ្លាំង​ជាង ឆ្នាំ​២០១៣​ទៅទៀត និង​បណ្ដាល​ឲ្យ​មានការ​លិចលង់​ផ្ទះសម្បែង ស្រែចម្ការ រួមទាំង​ផ្លូវ​មួយចំនួន ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​ក្នុងការ​ធ្វើដំណើរ ប៉ុន្តែ​យ៉ាងណា​ក៏​អរគុណ​ដល់​អាជ្ញាធរ​ស្រុក និង​កងកម្លាំង​នានា ដែល​បាន​ជួយ​អន្តរាគមន៍​នាំ​ពួកគាត់​មកកាន់​ទីទួល​សុវត្ថិភាព​។

​ក្នុងពេល​ចុះ​ចែក​ស្បៀង​សង្គ្រោះ​បឋម​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុងស្រុក​គាស់ក្រឡ និង​ស្រុក​សង្កែ នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង អំពា​នវ​នាវ​ពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​កូនចៅ​ដោយ​ត្រូវ​ហាម​មិន​ឲ្យ​លេង​ទឹក​ផ្ដេសផ្ដាស់ ខាង​មាន​គ្រោះថ្នាក់​ជាយថាហេតុ និង​ត្រូវ​នាំគ្នា​ថែរក្សា​សុខភាព​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់ថា ចំពោះ​ទឹកជំនន់​នៅ​ខេត្តបាត់ដំបង គិត​ត្រឹម​ថ្ងៃទី​១២​តុលា មានស្រុក​មួយចំនួន​បាន​ធូរស្បើយ ខណៈ​មួយចំនួនទៀត​នៅ​ធ្ងន់ធ្ងរ​នៅឡើយ ពិសេស​ស្រុក​នៅ​ខាងក្រោមៗ​ស្ទឹងធំៗ ដោយ​អាជ្ញាធរខេត្ត កំពុង​ជួយសង្គ្រោះ​ពលរដ្ឋ នាំទៅ​កាន់​ទីទួល​សុវត្ថិភាព រួមទាំង​ផ្ដល់នូវ​ស្បៀងអាហារ និង​ថ្នាំសង្កូវ​ជូន​ដល់​ពលរដ្ឋ ហើយ​ចំពោះ​ស្ថានភាព​ទឹកជំនន់​នៅ​ស្ទឹង​សង្កែ ក៏បាន​ស្រក​បន្តិច​ដែរ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

×