ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តមួយចំនួននៅពុំទាន់បានជ្រាប ពីជីវិតគូបែកបាក់របស់តារាហ្វេសប៊ុក និងជាអ្នកលក់ឡេកំពុងឡើងកូដ Love Riya។ អ្នកនាង Riya ត្រូវបានដឹងថា រៀបការជាមួយអតីតស្វាមីលោក ហេន ឌ្រី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងសាច់ញាតិទាំងសងខាង ប្រកបដោយក្តីសប្បាយរីករាយ។
តែទោះយ៉ាងណា ដោយសាររស់នៅមិនចុះសម្រុងនឹងគ្នា អ្នកទាំងពីរក៏បានឈានដល់ចែកផ្លូវគ្នារៀងៗខ្លួនជាផ្លូវការ ដោយបន្សល់ទុកកូនស្រីម្នាក់បានទៅលើអ្នកនាង Riya ជាអ្នកគ្រប់គ្រងចិញ្ចឹមបីបាច់។
យ៉ាងណាមិញ ងាកមើលពីជីវិតឯកជនជាស្ត្រីមេម៉ាយ ក្រោយពេលលែងលះប្តីរួច អ្នកនាង Love Riya ដែលកំពុងជោគជ័យមុខជំនួញអនឡាញ និងរបររកស៊ីជាច្រើនទៀត នៅពេលនេះ បានបង្ហាញមុខគូស្នេហ៍យ៉ាងចំហរ ដែលគេស្គាល់យ៉ាងច្បាស់បុរសរូបសង្ហារគឺលោក ដែន សូនី។
ជាក់ស្តែង នៅថ្ងៃខួបកំណើតកូនស្រីអ្នកនាង Love Riya គឺកូន ទែនទែន កាលពីយប់មិញថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ លោក សូនី បានដើរតួជាឪពុកពោរពេញដោយភាពកក់ក្តៅ និងជាស្វាមីដ៏ស័ក្តិសម ដែលធ្វើឲ្យមហាជនកោតសរសើរនូវទឹកចិត្តរបស់គាត់ជាខ្លាំង។
ដោយឡែក នៅពេលសួរនាំរឿងគម្រោងរៀបការវិញ លោក សូនី បានបញ្ចាក់ថា ចំពោះរឿងនេះលោកសុំមិនទាន់ហ៊ាននិយាយនៅពេលនេះនោះទេ ព្រោះថា ពេលនេះពួកគាត់ទាំងពីរកំពុងមើលចិត្តគ្នាទៅវិញទៅមក។
លោកក៏បានបញ្ចេញពីអារម្មណ៍ពិតក្នុងចិត្តថា រូបលោកដែលពេលនេះកំពុងដើរចូលក្នុងជីវិតអ្នកនាង Love Riya គឺពុំមែនដូចពាក្យចចាមអារាមចោទឡើងថា ដោយមើលឃើញភាពមានបោកប្រាស់គាត់ ឬចង់បានទ្រព្យសម្បត្តិរបស់គាត់នោះឡើយ។ ប៉ុន្តែ ផ្ទុយទៅវិញ លោកពេញចិត្តគាត់ គឺដោយសារសរសើរគាត់ប៉ិនរកស៊ី គាត់ជាមនុស្សស្រីម្នាក់ដែលរឹងមាំ ទោះបីមានរឿងបញ្ហាអ្វីក៏ដោយ ក៏គាត់មិនទន់ជ្រាយឡើយ។
យ៉ាងណាមិញ ពេលសួរនាំថា បើ Love Riya កាចម្ល៉ឹងៗ តើអាចស៊ូទ្រាំបានទេនៅពេលអនាគត លោក សូនី ក៏បានប្រាប់ថា ពេលនេះពួកគាត់កំពុងសិក្សាគ្នាមួយជំហានម្នាក់ ដោយត្រូវជជែកគ្នាឡើងវិញ នូវចំណុចណាដែលមានការខ្វះខាតរៀងៗខ្លួន ដើម្បីកែលម្អគ្នាទៅវិញទៅមកឡើងវិញ។
លោក សូនី ក៏ទទួលស្គាល់ថា អ្នកនាង Love Riya កាចពិតមែន ប៉ុន្តែគាត់ចិត្តល្អ ហើយបើគាត់ខឹងវិញ គឺខឹងតែមួយឆាវទេ ហើយហីទៅវិញហើយ៕ ដោយ៖ លឹម ហុង