ដូចដែលយើងគ្រប់គ្នាបានដឹងស្រាប់ហើយ បច្ចុប្បន្ននេះ ស្ទើរគ្រប់ទីកន្លែង ពោរពេញទៅដោយទឹកល្ហល្ហាច មិនថានៅក្នុងស្រុកភូមិតាមបណ្តាខេត្ត ឬ នៅក្នុងទីក្រុងនោះទេ គឺជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ បាននិងកំពុងបង្កការលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះតែផ្ទះសម្បែងលិចលង់ រីឯផ្លូវថ្នល់ត្រូវក្លាយជាទន្លេទៅហើយនោះ។
ជាមួយបញ្ហាលិចលង់នេះដែលកំពុងកើតមានឡើងនេះ ថ្នាក់ដឹកនាំនៃយើង ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវរិះរកគ្រប់វិធីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់ជួបទុក្ខការលំបាក ឬ គ្រោះថ្នាក់ដល់អាយុជីវិត ដោយសារគ្រោះធម្មជាតិដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនេះបានឡើយ។
យ៉ាងណាមិញ ងាកមកមើលករណីមួយនេះវិញ ឃើញថាបានកំពុងធ្វើឲ្យមហាជនក្នុងបណ្តាញសង្គម មានការហួសចិត្តជាខ្លាំងតែម្តងក្រោយពីគណនីហ្វេសបុកឈ្មោះ «ជីវិត តស៊ូ» បានបង្ហោះវីដេអូបង្ហាញឲ្យឃើញពីការប៉ះសំដីគ្នារវាងលោកស្រីមេឃុំ និងបុរសអ្នកភូមិម្នាក់ ដែលស្រាប់តែចេញមកប្រឆាំងរេរាំងមិនឲ្យគ្រឿងចក្រកាយដីដើម្បីរំដោះទឹក ព្រោះខ្លាចមិនអាចដើរទៅកាន់ដីស្រែខ្លួនរួច។
បើតាមលោកស្រីមេឃុំ បានឲ្យដឹងថា គាត់សម្រេចចិត្តយកគ្រឿងចក្រ មកកាយជាប្រឡាយដើម្បីរំដោះទឹកនេះ គឺដោយសារព្រួយបារម្ភខ្លាចទឹកជន់លិចដល់ផ្ទះអ្នកភូមិត្រពាំងថ្មដែលត្រូវតែដោះស្រាយនៅចំពោះមុខ។ លោកស្រីមេឃុំ ក៏បានពន្យល់ប្រាប់ទៅកាន់បុរសមិនចេះស្តាប់ហេតុផលរូបនេះឲ្យដឹងច្បាស់ថា មិនមែនកាយតែកន្លែងនេះទេ គឺកន្លែងណាដែលប៉ះពាល់ទឹកហូរមិនរួច គឺត្រូវតែកាយទាំងអស់ អត់ទុកទេ នៅក្នុងដំណាក់កាលកំពុងប្រឈមនេះ ដែលមិនអាចឲ្យប្រជាពលរដ្ឋលិចលង់បានឡើយ។
ក្រោយពីបានឃើញបែបនេះ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម ព្រោះតែហួសចិត្តអន់ទ្រាំពុំបានពេក ក៏បានព្រលះពូម្នាក់នេះយ៉ាងចាស់ៗដៃថា៖ «ទឹកកំពុងគំរាមកំហែងលិចម៉ាភូមិ បែរជាអាតបល់យនេះ ចេញមកភ្លើតែឯង អាមួយនេះយ៉ាប់ម៉ងវើយ!, កាយមើលតើវាហ៊ានធ្វើអ្វី បើវាខ្លាំងវាយខ្នោះវាទៅ គេងាប់ម៉ាស្រុក ចង់រស់តែឯងឬមួយយ៉ាងណា, បើជាដីចំណីផ្លូវរបស់រដ្ឋ បើវាប្រឆាំងហៅប៉ូលីសវៃខ្នោះសិនទៅចាំដោះស្រាយក្រោយ,…»៕ ដោយ៖ លឹម ហុង