រឿងមួយតំណាលថា នៅផ្សារមួយនោះ មានកសិករម្នាក់ដាក់កន្ត្រកពីរធំៗ រួចអង្គុយពីក្រោយដើម្បីលក់។ កន្ត្រកមួយបិទមាត់ជិត រីឯមួយទៀតបើកចំហ។
ពេលសម្លឹងមើលក្នុងកន្ត្របើកមាត់នោះឃើញសុទ្ធតែក្តាមរវីមរវាម។ ពួកវាពពាក់ពពូន ដណ្តើមគ្នាវាចេញពីកន្ត្រកឫស្សី តែចុងក្រោយពុំមានក្តាមណាមួយអាចចេញពីកន្ត្រកបានទេ ព្រោះអាមួយវាតោងឡើង អាមួយទៀតទាញទម្លាក់ចុះ…។
អ្នកទិញក្រឡេកបន្តឃើញកន្ត្រកធំមួយទៀត ចងមាត់ជិតក៏សុំបើកមើល។ ក៏ឃើញសុទ្ធតែអណ្តើកតូចធំគ្រប់ធុនក្រាបសម្ងំស្ងៀម។ ពួកអ្នកទិញងឿងឆ្ងល់ក៏សួរថា ៖ ហេតុអ្វីចាំបាច់បិទមាត់កន្ត្រកជិតបែបនេះ?។
លោកតាកសិករ ដែលជាអ្នកលក់បកស្រាយពន្យល់ថា ៖ “ក្មួយៗឃើញទេ អណ្តើកធំជាងគេគឺក្រាបនៅបាតកន្ត្រក រួចគរពីលើគ្នាតាមលំដាប់លំដោយ ពីធំ (នៅក្រោម) រហូតដល់តូចៗ (នៅលើ)។ ប្រសិនបើពុំបិទគម្របឲ្យជិតទេនោះ គឺវាចេះតែតម្រៀបគ្នាបែបនេះរួចវារចេញពីកន្ត្រកអស់មិនខាន បានអ្វីលក់ទៀត។ យ៉ាងច្រើននៅសល់អាធំៗ ១-២ក្បាលប៉ុណ្ណោះ។
មិនដឹងលោកតា បូរបាច់ច្រើនពេកនាំឲ្យ “បែកកម្មដ្ឋាន” ទើបគាត់លេង១ប្រយោគ “វែងឆ្ងាយ” ទៀតថា ៖ “ក្តាម និងអណ្តើកសុទ្ធសឹងនៅក្នុងកន្ត្រកឫស្សីដូចៗគ្នា។ ប៉ុន្តែពួកក្តាមព្រោះតែច្រងេងច្រងាង គ្មានការយោគយល់ ឈ្នានីសគ្នាទើបទាញទម្លាក់គ្នាទៅវិញទៅមក ចុងក្រោយចេញពុំផុតពីមាត់កន្ត្រក ទើបពុំចាំបាច់បិទធ្វើអ្វី?។
រីឯអណ្តើកគឺផ្ទុយស្រឡះ។ អាធំវាយល់ ហើយសុខចិត្តយកខ្លួនធ្វើជាទ្រនាប់ (ឈ្នាន់) ដើម្បីឲ្យអាផ្សេងទៀត មានសេរីភាព ទោះបីខ្លួនវាត្រូវប្រឈមមុខនឹងទ្រុងដដែលក្តី”។
គិតៗទៅងាកមកសង្គមមនុស្សវិញ…!
ហ៊ឺ! ពេលខ្លះពុំបានស្មើសង្គម… អណ្តើកផងទេ! អូហ៍! ភ្លេចចុះក្មួយៗ ចង់បានក្តាម ឬណ្តើកទៅ?!
…អណ្តើក ក្តាមៗ ក្តាម ណ្តើកថ្មីៗ អ្នកណាទិញទេ!