Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ា​នី ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ

​កំពង់ស្ពឺ ៖ នា​ព្រឹក​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ទំនប់​ចាន់​ថ្នាល ដែល​ស្ថិតនៅក្នុង​ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ អមដំណើរ​ដោយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ​ទាំងបី និង សស​យក ខេត្ត ។​

​នា​ក្នុងឱកាស​សំណេះសំណាល​នោះដែរ ឯកឧត្តម ហ៊ុន ម៉ា​នី ក៏បាន​សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម​ដែល​ទទួលរង​ផលប៉ះពាល់​តិចតួច​ដោយសារ​ជំនន់​ទឹកភ្លៀង​បាន​វាយបំផ្លាញ​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​មួយចំនួន ។ ឯកឧត្តម ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​នេះ​ត្រូវតែ​បង្កើន​ការ​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​ធ្វើដំណើរ​លើ​ទំនប់​បង្ហៀរទឹក​នេះ ជាពិសេស​មនុស្ស​ចាស់ជរា និង​ក្មេងៗ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ប្រចាំ​ការជួយ​សម្រួល​ចរាចរណ៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សង្គ្រោះ ២៤​ម៉ោង​លើ ២៤​ម៉ោង​ក្នុងករណី​មាន​ហេតុការណ៍​ណាមួយ​កើតឡើង​ជាយថាហេតុ ។​

​បន្ទាប់ពី​ចុះ​ពិនិត្យ​ស្ថានភាព​ទំនប់ទឹក​ចាន់​ថ្នាល​រួចមក​ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ ក៏បាន​បន្តដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​កម្ពស់​ទឹក​នៅតាម​ដងស្ទឹង​ព្រែក​ត្នោត និង​ចូលរួម​ពិភាក្សា​ការងារ​អំពី​បញ្ហា​ប្រព័ន្ធធារាសាស្ត្រ​ជាមួយនឹង​រដ្ឋបាលខេត្ត និង​ស្ដាប់​ពីបទ​បង្ហាញ​របស់លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ដើម្បី​រក​វិធីសាស្ត្រ​កាត់បន្ថយ​បញ្ហា​ប្រឈម​មួយ​នេះ ឲ្យ​ស្ថិតនៅក្នុង​កម្រិត​ទាប​បំផុត ។​

​ឯកឧត្តម​ហ៊ុន ម៉ា​នី អ្នកតំណាង​មណ្ឌល​កំពង់ស្ពឺ បាន​ថ្លែងថា ក្រៅពី​បានធ្វើ​ការណែនាំ​ដោយផ្ទាល់ ក៏ដូចជា​បាន​ចូលរួម​ធ្វើការ​ផ្សព្វផ្សាយ​ពី​ការអំពាវនាវ​របស់​រា​ជ​រដ្ឋាភិបាល ថ្ងៃនេះ​ក្រុមការងារ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ​ទីតាំង​ដែល​រងគ្រោះ​ក្នុង​មូលដ្ឋាន​ខេត្តកំពង់ស្ពឺ ដើម្បី​ក្តាប់​ស្ថានការណ៍ តាមដាន និង​វាយតម្លៃ​ពី​ភាពចាំបាច់​នានា ជាពិសេស​សកម្មភាព​ដែល​ត្រូវអនុវត្ត​ជាបន្ទាន់ ដើម្បី​ជួយ​ដោះស្រាយ និង​សម្រាល​ទុក្ខលំបាក​ប្រជាពលរដ្ឋ​។

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះដែរ ក្រុមការងារ បានកត់សម្គាល់​ឃើញថា​សកម្មភាព​ការចុះ​ជួយ​របស់​អាជ្ញាធ​រ​មូលដ្ឋាន​ក្នុងការ​រក្សាសុខ​សុវត្ថិភាព​របស់​ប្រជាជន​កន្លងមក គឺមាន​ភាព​ហ្មត់ចត់​ល្អប្រសើរ ស្របតាម​ចំណាត់ការ និង​ការណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​គិត​មកទល់ពេលនេះ មិនទាន់មាន​ករណីរ​ប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​ណាមួយ​គួរឱ្យកត់សម្គាល់​នៅឡើយ ខណៈ​ដែរ​ប្រជាពលរដ្ឋ​រង​ការ​ប្រឈម​ត្រូវបាន​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព​ទាន់ពេលវេលា ហើយ​ផលប៉ះពាល់​លើ​ទ្រព្យសម្បត្តិ​វិញ​នៅមាន​ការវាយតម្លៃ​ជា​បន្តបន្ទាប់​។ តែ​ទោះជា​យ៉ាងណា អ្វីដែល​ជាការ​ឆ្លើយតប​របស់​អាជ្ញាធរ​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន គឺមាន​លក្ខណៈ​ប្រសើរ​ប្រកបដោយ​ប្រសិទ្ធភាព​។
​ទន្ទឹមនឹង​លទ្ធផល​ដ៏​ប្រសើរ​នេះ យើងខ្ញុំ​ពិតជា​មានការ​សោកស្តាយ ចំពោះ​ការខូចខាត និង​ប៉ះពាល់​លើ​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ មិនថាតែ​នៅ​ខេត្តកំពង់ស្ពឺ​ផ្ទាល់ ឬ​តាម​បណ្តា​ខេត្ត​នានា​។​ប៉ុន្តែ​នៅក្នុង​ស្ថានភាព​ដែល​ទឹកជំនន់​មិនទាន់​មានការ​ស្រាកស្រាន្ត សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ការតាមដាន និង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ដើម្បី​រក្សា​សុវត្ថិភាព និង​អាយុជីវិត​ខ្លួនឯង​ផ្ទាល់ ក៏ដូចជា​ក្រុមគ្រួសារ ព្រោះថា​ក្នុងដំណាក់កាល​នេះ កត្តា​អាយុជីវិត គឺជា​រឿង​សំខាន់បំផុត រីឯ​បញ្ហា​ផ្សេងៗ​ទៀត យើង​នឹង​រួមគ្នា​ដោះស្រាយ​នៅពេល​ក្រោយ​។
​ឆ្លៀត​ក្នុងឱកាស​នេះដែរ សូម​ស្ថាប័ន និង​វិស័យ​ពាក់ព័ន្ធ រួមមាន វិស័យ​សុខាភិបាល ធនធានទឹក និង​ឧតុនិយម និង​វិស័យ​ផ្សេងៗ​ទៀត មានការ​សហការ​ជាពិសេស​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​អនុវត្ត​ចុះជួយ​កន្លងមក ដោយ​បន្ថែម​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ស្ថានភាព​ជាក់ស្ដែង និង​ត្រៀមខ្លួន​គ្រប់គ្រង ក៏ដូចជា​បញ្ជៀ​ស​ហានិភ័យ​នានា​ដែល​អាច​បង្ក​នូវ​ផល​លំបាក ដល់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ឱ្យអស់​ពី​លទ្ធភាព និង​សមត្ថភាព​ទាំងអស់គ្នា​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×