ភ្នំពេញ៖ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមសហការពង្វាងចរាចរផ្លូវ២១៧ ចំណុចផ្លូវបំបែកភ្លើងស្ដុបស្ពានព្រែកជ្រៃ ទៅរង្វង់មូលនាងគួរស្រូវ ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដោយសារទឹកជំនន់ទឹកភ្លៀងទឹកស្ទឹងព្រែកត្នោតហូរកាត់លើផ្លូវ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់នៅយប់ថ្ងៃទី១៤ ខែតុលានេះថា ឥឡូវនេះលោកបានបញ្ជាឱ្យក្រុមការងារបិទចរាចរណ៍យានយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវលេខ ២១៧ នៅក្បែររង្វង់មូលកួរស្រូវ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីការពារសុវត្ថិភាពអ្នកដំណើរ និងប្រជាពលរដ្ឋ ខណៈស្ថានភាពជំនន់ទឹកភ្លៀងកំពុងហូរកាត់ផ្លូវនេះយ៉ាងខ្លាំង។
ការជូនដំណឹងបឋមនេះក៏ជាការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើដំណើរកាត់កំណាត់ផ្លូវនេះ សូមមេត្តាវាងទៅផ្លូវផ្សេងដោយក្ដីអនុគ្រោះ។
សូមជម្រាបថា នៅយប់ថ្ងៃទី១៤ ខែតុលានេះលោក ឃួង ស្រេង បានចុះទៅពិនិត្យស្ថានភាពទឹកលើផ្លូវ ២១៧ និងស្ថានភាពទឹកនៅស្ទឹងព្រែកត្នោតផងដែរ ដើម្បីតាមតានស្ថានការណ៍ការពារកុំឱ្យពលរដ្ឋរងគ្រោះថ្នាក់ជាយថាហេតុ៕ដោយ៖បញ្ញាស័ក្តិ