Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពី​ថ្ងៃទី ១៧ ដល់ទី ១៩ ខែតុលា ប្រព័ន្ធ​សម្ពាធ​ទាប បាននិងកំពុង​បន្ត​អូសបន្លាយ​ពីលើ​កម្ពុជា នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​បន្ត​

​ភ្នំពេញ​៖​ក្រសួង​ធនធានទឹក និង​ឧតុនិយម​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​អាកាសធាតុ​។ បន្ទាប់ពី​បានធ្វើ​ការតាមដាន និង​ការវិវត្ត​ជាក់ស្តែង​នៃ​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់ ឃើញថា នៅ​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ នេះ សម្ពាធ​ទាប​សកម្ម​មួយ ( Active Low) កំពុងស្ថិត នៅលើ​ភាគ​កណ្តាល​ប្រទេស​ហ្វីលីពីន ។​

តាម​ការ​ព្យាករ សម្ពាធ​ទាប​សកម្ម​នេះ នឹង​រំកិល​ចូលមក ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​វិ​វត្ត​ខ្លួន​ជា​បន្តបន្ទាប់​ទៅជា ព្យុះ​ទី ១៧ ឈ្មោះ សូ​ឌែ​ល (SAUDEL) ដោយ​ធ្វើដំណើរ​ចូលមក​ប៉ែក​ខាងលើ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ ហើយ​បាន​ថមថយ​ឥទ្ធិពល​ទៅជា​វិ​សម្ពាធ និង​សម្ពាធ​ទាប នៅពេល​ចូលមកក្នុង ប្រទេស​កម្ពុជា ។ ជាមួយគ្នានេះ ប្រព័ន្ធ​សម្ពាធ​ទាប បាន និង​កំពុង​បន្ត​អូសបន្លាយ​ពីលើ​កម្ពុជា ។​

​លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ មាន​ស្ថានភាព ដូចខាងក្រោម ៖ ១- បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និង​រាជធានី​ភ្នំពេញ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​បន្ត ។

២- បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ភាគ​ឦសាន និង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម រួមមាន ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ ទៅ​ច្រើន ។

៣- តំបន់​មាត់សមុទ្រ អាចមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន និង​នៅលើ​ផ្ទៃសមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន រួមជាមួយ​ខ្យល់​បក់​ខ្មៅ​ក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ។

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ពិសេស​បងប្អូន ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទីប្រជុំជន ទី​ទំនាប​ក្បែរ​ផ្លូវទឹក​ជាប់​តំបន់ភ្នំ និង​ជួរ​ភ្នំ និង​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់​។​

​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាននិងកំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​អាកាសធាតុ​មានការ​ប្រែប្រួល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


×