Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកជំនន់ ធ្វើ​ឲ្យ​ផ្លូវ​ជាច្រើន​ខ្សែ រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​នៅ​បាត់ដំបង​

​បាត់ដំបង​៖ ឯកឧត្តម ជ្រុ​ន ថេ​រ៉ា​វ៉ាត រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍ថា​បញ្ហា​ជំនន់​ទឹកភ្លៀង កំពុង​កើតឡើង​ក្នុង​ខេត្តបាត់ដំបង​នាពេលនេះ បានធ្វើ​ឲ្យ​ផ្លូវ​ជាច្រើន​ខ្សែ ក្នុង​ក្រុង​និង​នៅតាម​ទីជនបទ រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​និង​ទាមទារ​ឲ្យ​មានការ​ជួស​ជុស​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​បាន​ស្រួល​ឡើងវិញ​។​

​ឯកឧត្តម ជ្រុ​ន ថេ​រ៉ា​វ៉ាត រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍ថា​ទឹកជំនន់​នៅ​ចុងរដូវ​វស្សា​នេះ ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន រង​ការប៉ះពាល់​និង​រង​ការខូចខាត ដែលមាន​ផ្លូវ​ក្រាល​កៅស៊ូ ផ្លូវ​ក្រាល​គ្រួស​ក្រហម ផ្លូវដី​និង​បញ្ហា​អនាម័យ​ជាដើម​។​បន្ទាប់ពី​មាន​បញ្ហា​ទឹកជំនន់​នេះ ក្រុមការងារ​របស់​ក្រសួង​បាន​ចុះមក​ពិនិត្យ​និង​វាយតម្លៃ​ពី​ផលប៉ះពាល់ នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ក្នុងនោះ​ក៏មាន​ខេត្តបាត់ដំបង​ផងដែរ ដើម្បី​ធ្វើ​របាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ ដើម្បី​ធ្វើការ​រាយការណ៍​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

​ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ ប្រធាន​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍ថា ការ​ចុះមក​ពិនិត្យ​និង​វាយតម្លៃ​ផលប៉ះពាល់​នេះ ក្រុមការងារ​នៅ​មិនទាន់​កំណត់ថា ការខូចខាត​កម្រិត​១ កម្រិត​២​ឬ​កម្រិត​៣​នៅឡើយ​ទេ ព្រោះ​ទឹក​នៅ​លិច​ផ្លូវ​នៅឡើយ តែ​យ៉ាងណា​ក្រសួង​និង​ជំរុញ​ដល់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ខិតខំ​ធ្វើ​ទិន្នន័យ របាយការណ៍​ឲ្យ​បាន​ឆាប់រហ័ស​និង​ច្បាស់លាស់ ដើម្បី​ធ្វើសំណើ​ក្នុងការ​ស្នើសុំ​ធ្វើការ​ជួសជុល​កែលម្អ​ឡើងវិញ​។​

​បើ​គិត​ត្រឹម​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០២០ បញ្ហា​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តបាត់ដំបង នៅ​មិនទាន់​មានការ​ស្រាក​ស្រា​ន​នៅឡើយ​ទេ ខណៈ​តាម​ស្រុក​មួយចំនួន​ទឹក​ស្រក ប៉ុន្តែ​ស្រុក​មួយចំនួនទៀត នៅតែ​បន្ត​ជន​លិចលង់​ផ្ទះ​ស​ម្បែ ដំណាំ​កសិផល ហេដ្ឋារចនាសម្ព័ន្ធ ការជម្លៀស​ពលរដ្ឋ​ទៅ​ទីទួល​សុវត្ថិភាព​នៅតែ​បន្ត ហើយ​អាកាសធាតុ​មាន​សភាព​អាប់​អ៊ួ​រ​។​មួយទៀត តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែតុលា ទឹកភ្លៀង​អាច​នឹងមាន​ធ្លាក់​ច្រើន​ជា​បន្ត ក្នុងនោះ​ក៏មាន​ខេត្តបាត់ដំបង​ផងដែរ ហើយ​អាជ្ញាធរខេត្ត​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ សូម​មានការ​ប្រុងប្រយ័ត្ន​បន្ថែមទៀត​៕​ដោយ​៖​អ៊ុង​សា​រុំ​

×