Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម នឹង​ផ្តល់​មូលនិធិ​ពិសេស​បន្ថែមចំនួន​៣០​លាន​ដុល្លារ​អាមេរិក ទៅដល់​រោង​ម៉ាស៊ីនកិនស្រូវ

​ភ្នំពេញ​៖ លោក កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម លើកទឹកចិត្ត និង​បន្ត​ជំរុញ​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ទាំងអស់ មេត្តាជួយ​ទិញស្រូវ​ពី​កសិករ​អោយអស់ ពី​លទ្ធភាព​ក្នុងតម្លៃ​សមរម្យ ទោះបី​គុណភាព​ស្រូវ​ល្អ ឬ​មិនសូវ​ល្អ ជាពិសេស​ស្រូវ​ដែល​ទទួលរង​ការ​លិច​ទឹក ដោយសារ​ជំនន់​ទឹកភ្លៀង​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ម្ចាស់​រោង​ម៉ាស៊ីន ដែល​អញ្ជើញ​មកពី​ខេត្តបន្ទាយមានជ័យ និង​ប្រចាំ​ខេត្តបាត់ដំបង លោក កៅ ថាច សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់​រោង​ម៉ាស៊ីន​ទាំងអស់​នឹង​សហការគ្នា​ដោយ​សាមគ្គីភាព ដើម្បី​លើកស្ទួយ​ជីវភាព​កសិករ និង​ជំរុញ​អោយ​ការនាំចេញ​អង្ករ​១​លាន​តោន អោយ​ទទួលបាន​ជោគជ័យ​។

​លោក​អគ្គនាយក​រូបនេះ បាន​ជម្រាបជូន​ម្ចាស់​រោង​ម៉ាស៊ីន​បន្ថែមទៀតថា ដោយ​ទទួលបាន​ការទុកចិត្ត ពី​រាជរដ្ឋាភិបាល ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បានទទួល​មូលនិធិ​ពិសេស​បន្ថែមចំនួន​៣០​លាន​ដុល្លារ​អាមេរិក សម្រាប់​ផ្តល់​ឥណទាន ដល់​ម្ចាស់​រោង​ម៉ាស៊ីន ធ្វើការ​ប្រមូល​ទិញស្រូវ​ពី​កសិករ ក្នុង​រដូវ​ប្រមូល​ផល​ខាងមុខនេះ​។​

​លោក​លើកទឹកចិត្ត​អោយ​ម្ចាស់​រោង​ម៉ាស៊ីន​ទាំងអស់ នៅពេល​ខ្វះ​ថវិកា​ទិញស្រូវ អាចធ្វើ​ការស្នើសុំ​ឥណទាន ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​បាន គ្រាន់តែ​បំពេញ​តាម​លក្ខខណ្ឌ គុណវុឌ្ឍិ​របស់​ធនាគា​រ​តែ​ប៉​ណ្ណោះ​។​

​លោក​អគ្គនាយក​ធ្វើ​ការស្នើ​សុំអោយ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ទាំងអស់ រៀបចំ​បញ្ជីស្នាម ឲ្យ​មាន​ស្ដង់ដារ និង​មាន​គណនេយ្យភាព​។ ហេតុនេះ​លោក​បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​បញ្ជី ធ្វើ​បទ​បង្ហាញ​ពី​ចំណុច​សំខាន់ៗ និង​លក្ខខណ្ឌ​ផ្សេងៗ ដើម្បី​ផ្តល់​ជា​ព័ត៌មាន ដល់​ម្ចាស់​រោង​ម៉ាស៊ីន​ផងដែរ​។ ជាមួយគ្នានេះ លោក​លើកទឹកចិត្ត​ឲ្យ​ម្ចាស់​រោង​ម៉ាស៊ីន គួរប្រើ​ប្រាស់​កម្មវិធី​កត់ត្រា​គណនេយ្យ របស់​ក្រុមហ៊ុន​បញ្ជី ដែលជា​ក្រុមហ៊ុន​បង្កើតឡើង​ដោយ​កូន​ខ្មែរ និង​មានគុណ​វុឌ្ឍិ​គ្រប់គ្រាន់​ដែល​ជឿទុកចិត្ត​បាន​។​

​លោក​អគ្គនាយក​បានស្នើ​សុំ​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​ទាំងអស់ សូម​មាន​សាមគ្គីភាព​រវាង​គ្នា កុំ​ធ្វើការ​ប្រកួតប្រជែង​គ្នា និង​ធ្វើការ​រួបរួមគ្នា ដើម្បី​លើកស្ទួយ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ប្រកបដោយ​វិបុលភាព និង​ភាព​រីកចម្រើន​៕
​ដោយ​៖CEN

×