Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ IMF៖ ឆ្នាំ​២០២១ កម្ពុជា នឹង​ក្លាយជា​ប្រទេស​ មាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត​ទី​៣ នៅ​អាស៊ាន

​ភ្នំពេញ​៖ ស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ IMF បាន​ព្យាករណ៍​ថា នៅ​ឆ្នាំ​២០២១ ប្រទេស​កម្ពុជា នឹង​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត​ទី​៣ ប្រចាំ​តំបន់​អាស៊ាន នៅ​ពីក្រោយ​ប្រទេស​មី​យ៉ាន់​ម៉ា និង​ប្រទេស​វៀតណាម​។

​ថ្មីៗ​នេះ ស្ថាប័ន IMF បានចេញ​របាយការណ៍​ស្ដីពី​ទស្សនវិស័យ​សេដ្ឋកិច្ចពិភពលោក ដោយ​ក្នុងនោះ បាន​ព្យាករណ៍​ពី​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​ធ្លាក់ចុះ ២,៨% សម្រាប់​ឆ្នាំ​២០២០​នេះ ហើយ​វា​ជា អត្រា​ធ្លាក់ចុះ​មួយ​ខ្លាំង​ជាង​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ត្រូវបាន​ព្យាករ​ថា ធ្លាក់ចុះ​១,៥%​។​

​របាយការណ៍​បានបង្ហាញ​ទៀតថា ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​ខ្លាំងជាងគេ នៅក្នុង​តំបន់ អាស៊ាន នៅក្នុងពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នេះ រួមមាន​ប្រទេស​ហ្វីលីពីន ដែល​ត្រូវបាន​ព្យាករណ៍​ថា នឹង​ធ្លាក់ចុះ​សេដ្ឋកិច្ច​ដល់​ទៅ ៨,៣% ថៃ ធ្លាក់ចុះ ៧,១% ម៉ាឡេស៊ី និង​សិង្ហ​បុរី ធ្លាក់ចុះ ៦% ដូចគ្នា​។​

IMF បាន​ព្យាករណ៍​ប្រទេស​មី​យ៉ាន់​ម៉ា​ថា នឹងមាន​សេដ្ឋកិច្ច រីកលូតលាស់​លឿន​ជាងគេ បំផុត​នៅក្នុង​ឆ្នាំ​២០២០ ដោយមាន GDP កើនឡើង ២% និង GDP របស់​វៀតណាម កើន ១,៦%​។​

​លោកស្រី Gita Gopinath ទី​ប្រ​ក្សា​ផ្នែក​សេដ្ឋកិច្ច​របស់ IMF ការព្យាករណ៍​ចុងក្រោយ​សម្រាប់ ឆ្នាំ ២០២០ បង្ហាញថា ការព្យាករណ៍​ថ្មី​នេះ មិនមាន​ភាព​ធ្ងន់ធ្ងរ​ទេ បើ​ធៀប​នឹង​ការព្យាករណ៍​របស់ IMF កាលពី​ខែ មិថុនា ឆ្នាំ​២០២០ កន្លងទៅ​។​

​ដោយឡែក​ការព្យាករណ៍​របស់ IMF ក្នុង​រយៈពេល​មធ្យម បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០២៥ កម្ពុជា នឹងមាន​សន្ទុះ​នាំមុខ​ប្រទេស​ជា​ដៃគូ​ផ្សេងៗ​ទៀត នៅក្នុង​តំបន់ ដោយ​ត្រូវបាន​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា នឹង​កើន​ដល់​ទៅ ៦,៩% ដែល​ធ្វើ​ឲ្យ​កម្ពុជា នឹង​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​ជាងគេ​បំផុត នៅក្នុង​តំបន់​អាស៊ាន​។

IMF បាន​ព្យាករណ៍​ថា សម្រាប់​ឆ្នាំ​២០២៥ ខាងមុខ​នេះដែរ ប្រទេស​អាស៊ាន ផ្សេងទៀត ដែលមាន​កំណើន​យឺត​ជាង​ប្រទេស​កម្ពុជា រួមមាន ប្រទេស​វៀតណាម (៦,៦%), មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន (​កើន ៦,៥%), ឡាវ (៦,១%), ឥណ្ឌូនេស៊ី (៥,១%), ម៉ាឡេស៊ី (៥%), ថៃ (៣,៧%), សិង្ហ​បុរី (២,៥%) និង​ប្រុយ​ណេ (១,៨%)៕ដោយ៖CEN


×