ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា អង្គការទស្សនៈពិភពលោកបានចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមលើកកម្ពស់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្ម ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មកម្ល៉េះ។
ការលើកឡើងនេះធ្វើឡើង ខណៈពេលដែលឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុញ្ញាត ឲ្យលោក Edward Danielraj Selvanayagam នាយកប្រចាំប្រទេស នៃអង្គការទស្សនៈពិភពលោក (World Vision) ដែលទើបទទួលតំណែងថ្មី ចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ។
មុនចាប់ផ្តើមជំនួប ភាគីទាំងពីរ ក៏បានរឮកឡើងវិញនូវអ្វីដែលជាអនុស្សាវរីយ៍ក្នុងការបង្កើតនូវមន្ទីពេទ្យកុមារជាតិ នៅរាជធានីភ្នំពេញ និងការចូលរួមយ៉ាងសកម្មទៅលើការដោះ និងបោះសំអាតមីងនៅតំបន់ដែលទទួលរងគ្រោះដោយសារសង្គ្រាមនៅកម្ពុជា។
ក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា អង្គការទស្សនៈពិភពលោក បានចូលមកដល់កម្ពុជាអស់រយៈពេលយូរហើយ អង្គកាមួយនេះបានធ្វើសកម្មភាពមនុស្សធម៌តរៀងមក។ អង្គការមានគោលដៅធំៗ ក្នុងកម្មវិធីបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ គម្រោងលុបបំបាត់ពលកម្មកុមារ ផ្តល់អាហាររូបត្ថម្ភ ពាក់ព័ន្ធសុខភាព ការអប់រំ បង្កើតឱកាសការងារ និងការដោះស្រាយលើកុមារតូចៗ ជាដើម។
ការងារទាំងអស់នេះហើយ ដែលអង្គការបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រទៅដល់គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ហើយអង្គការនេះ នៅតែទទួលបានការគាំទ្រពីអ្នកផ្តល់ជំនួយពីបណ្តាប្រទេសផ្សេងៗ ដោយសារអង្គការនេះធ្វើការប្រកបដោយតម្លាភាព និងប្រសិទ្ធិភាពខ្ពស់ ហើយសមិទ្ធផលជាច្រើនដែលអង្គការបានបង្កើតឡើងនៅកម្ពុជា រាប់ទាំងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
ដោយសារតែអង្គការនេះ បច្ចុប្បន្នបានរួមចំណែក ក្នុងការជួយគាំទ្រលើផលប៉ះពាល់នៃកូវីដ១៩ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាគ្នាក្នុងភាពជាដៃគូថា បន្ទាប់ពីនេះទៅនឹងរៀបចំយុទ្ធសាស្ត្រដើម្បីស្តារមកវិញនូវផលប៉ះពាល់ផ្សេងៗ ពាក់ព័ន្ធយុវជន កុមារ ក៏ដូចជាកម្លាំងពលកម្មនៅកម្ពុជា ដើម្បីឱ្យឱកាសទាំងអស់នេះអាចស្តារឡើងវិញបណ្តើរៗ ព្រោះថាជំងឺកូវីដ១៩នេះ មិនដឹងថាពេលណានឹងបាត់ទៅវិញនោះទេ ដែលធ្វើឱ្យយើងទាំងអស់គ្នារងទុក្ខលំបាក ទោះបីយ៉ាងណាក៏ដោយយើងនឹងរួមគ្នាសម្រេចឲ្យបាន។
លោក Edward Danielraj Selvanayagam នាយក ប្រចាំប្រទេស
នៃអង្គការទស្សនៈពិភពលោក (World Vision)បានថ្លែងអំណរ ដល់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យអង្គការទស្សនៈពិភពលោកចូលមកអនុវត្តកម្មវិធីមនុស្សធ៌មផ្សេងៗនៅកម្ពុជា។
លោកនាយកប្រចាំប្រទេសរូបនេះ ពេញចិត្តជាខ្លាំងនូវអ្វីដែលជាវិធានការណ៍របស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាចំណាត់ការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយអង្គការក៏មានបំណងចង់បន្តការងារនេះឱ្យល្អប្រសើរថែមទៀត។
ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អង្គការទស្សនពិភពលោក ជាពិសេសរចនាសម្ព័ន្ធ គ្រប់គ្រងដឹកនាំរបស់អង្គការតែម្តង ខណៈដែលអង្គការនេះមានបុគ្គលិកបម្រើការងារសរុបប្រមាណ៦០០នាក់ ដែលភាគច្រើនជាជនជាតិខ្មែរ និងមានសមត្ថភាពកាន់មុខតំណែងធំៗរួមទាំងនាយកប្រតិបត្តិផងដែរ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងភាពជាដៃគូ ជាមួយគ្នាឲ្យកាន់តែល្អប្រសើរថែមទៀត។
សូមជម្រាបថា ក្នុងឱកាសនោះ ខាងភាគីអង្គការទស្សនៈពិភពលោកក៏បានផ្តល់ជូនម៉ាសមួយចំនួន ដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់យកទៅប្រើប្រាស់ក្នុងគោលដៅការពារ និងទប់ស្កាត់ការឆ្លងរីករាលដានៃជំងឺកូវីដ១៩ផងដែរ៕
ដោយ៖CEN