តាកែវ៖ នៅរសៀលថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ អាជ្ញាធរខេត្តតាកែវរួមជាមួយកងកំលាំងនគរបាលខេត្ត ចុះជួយអន្តរាគមន៍ជួសង្គ្រោះបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិមួយចំនួន ដែលស្ថិតក្នុងភូមិសាស្ត្រឃុំក្រាំងធ្នង់ ស្រុកបាទី ជាច្រើនគ្រួសារ មកនៅទីទួលសុវត្តិភាពក្នុងបរិវេនវត្តឃ្លាំងមឿន ដើម្បីបញ្ជៀសការគ្រោះថ្នាក់ដោយសារជំនន់ទឹកភ្លៀង ដែលកំពុងគំរាមកំហែងខ្លាំងនៅក្នុងទឹកដីស្រុកបាទី និងស្រុកផ្សេងទៀត មិនតែប៉ុណ្នោះជំនន់ទឹកភ្លៀងនេះបានកាត់ផ្តាច់ផ្លូវជាតិសំខាន់ចំនួន ២ គឺផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ៣ ធ្វើអោយមានការរាំងស្ទះជាខ្លាំងដល់អ្នកធ្វើតំណើរ និងរថយន្តដឹកទំនិញ ។
សូមជម្រាបផងដែរថា បន្ទាប់ពីជម្លៀសបងប្អូនប្រជាពលរដ្ឋ មកទីទួលសុវត្តិភាពរួច គេឃើញមានវត្តមានរបស់ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន រួមជាមួយនិងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានចុះនាំយកអំណោយជាគ្រឿងឧបភោគបរិភោគមកចែកជូនដល់បងប្រជាពលរដ្ឋ ដែលកំពុងជម្លៀសមករកទីទួលសុវត្តិភាព ដែលកំពុងស្នាក់អាស្រ័យនៅក្នុងវត្តឃ្លាំងមឿង សម្រាប់ពួកគាត់បរិភោគប្រចាំថ្ងៃ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានសំដែងនៅទឹកចិត្តសោកស្តាយ ចំពោះគ្រោះមហន្តរាយជំនន់ទឹកភ្លៀងនេះ ធ្វើអោយបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកំពុងមានការភ័យក្លាច ហើយខ្លះទៀតត្រូវបានរងគ្រោះស្លាប់ដោយទឹកជំនន់នេះ ក្នុងនោះយើងសង្កេតឃើញថាបណ្តារគ្រប់ថ្នាក់ដឹកនាំទាំងអស់ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន លោកទាំងពីរគិតគូរណាស់ពីសុខទុករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងនោះបានជម្រុញគ្រប់អាជ្ញាធរ និងកងកំលាំងត្រូវចុះជួយអន្តរាគមន៍ ដោយគិតពីសុវត្តិភាពរបស់ប្រជាពលរដ្ឋជាធំ ត្រៀមទីតាំងដែលជាទីទួលសុវត្តិភាព សម្រាប់ជម្លៀសបងប្អូនប្រជាពលរដ្ឋមស្នាក់អាស្រ័យ ។ ឯកឧត្តមអភិបាលខេត្តតាកែវ បន្តថា ចំពោះស្ថានភាពទឹកជំនន់ទឹកភ្លៀងដែលកំពុងគំរាមកំហែងខ្លាំង និងប៉ះពាល់ដល់ ស្រុកមួយចំនួន នៅក្នុងខេត្តតាកែវ តែក្នុងនោះមានស្រុកបាទីមួយកំពុងប្រឈមខ្លាំង ពីការគំរាមកំហែងពីជំនន់ទឹកភ្លៀង ព្រោះតែមានការហក់ឡើងខ្ពស់ពីអាងស្តុកទឹកមួយចំនួន នៅក្នុងខេត្តនិងខេត្តកំពង់ស្ពឺនៅជាប់ព្រំប្រទល់ ក៏ប៉ុន្តែមិនទាន់បង្ករអោយមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋឡើយ ។
សូមបញ្ជាក់ផងដែរថា ចំពោះផលប៉ះពាល់ដែលបង្ករឡើងដោយសារគ្រោះទឹកជំនន់ទឹកភ្លៀងនេះ នៅស្រុកបាទី
ទទួលរងនៅជំនន់ទឹកភ្លៀង ដោយទឹកហូរពីខេត្តកំពង់ស្ពឺ ក្នុងនោះបានប៉ះពាល់ចំនួន ៩ ឃុំ ស្មើនឹង ៨៣ ភូមិ បណ្តាលឲលិចលំនៅដ្ឋានចំនួន ១.១៧៧ ខ្នង លិចផ្ទៃដីដំណាំស្រូវកសិកម្មលិចទឹក ៤៦០,៧ ហិកតា លិចផ្លូវលំ ២៤.៩០៨ ម៉ែត្រ លិចទំនប់ ៣៥០ ម៉ែត្រ និងលិចផ្លូវជាតិលេខ ២ ចំនួន ១.២០០ ម៉ែត្រ ៕ ដោយ៖ តាកែវ