ភ្នំពេញ៖ការផ្តល់ឥណទានសម្បទាននេះបានធ្វើឡើងកាលពីម្សិលមិញក្នុងជំនួបពិភាក្សារវាងឯកឧត្តម ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាតាមទូរស័ព្ទជាមួយឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេស នៃប្រទេសជប៉ុន។
នាឱកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះឯកឧត្តមម៉ូតេហ្គី តូស៊ីមីសឺ ដែលត្រូវបានតែងតាំងសាជាថ្មីជារដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២០។ ឯកឧត្តមបានថ្លែងអំណរគុណឯកឧត្តម ម៉ូតេហ្គី ដែលបានសម្តែងការចូល រួម រំលែកទុក្ខ និងស្ម័គ្រចិត្តជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
ឯកឧត្តមម៉ូតេហ្គី បានថ្លែងអំណរគុណចំពោះការអបអរសាទរនិងការស្វាគមន៍ ព្រមទាំងបដិសណ្ឋារកិច្ចដ៏កក់ក្តៅក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនៅព្រះរាជា ណាចក្រកម្ពុជាកាលខែសីហាឆ្នាំ២០២០កន្លងទៅ។ឯកឧត្តមបានបញ្ជាក់ជាថ្មីម្តងទៀតនូវឆន្ទៈរបស់ខ្លួនក្នុង ការពង្រឹងទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបតិ្តការជាមួយកម្ពុជានៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មីរបស់ជប៉ុន។
ឯកឧត្តមម៉ូតេហ្គី បានសម្តែងនូវសមានចិត្តជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ ឯកឧត្តមបានបន្តថាជប៉ុនត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយកម្ពុជាក្នុង ការដោះស្រាយការលំបាកនេះ។
ឯកឧត្តម ម៉ូតេហ្គី បានលើកឡើងថា ជប៉ុននឹងគាំទ្រកម្ពុជា ក្នុងការកែលម្អបរិស្ថាននៅតាមតំបន់ទីក្រុងនិងការចាត់វិធានការចំពោះកាកសំណល់ផ្លាស្ទីកនៅក្នុងសមុទ្រ ព្រមទាំងការកសាងសមត្ថភាពប្រឆាំងនឹងអំពើភេរវកម្ម។ ជប៉ុនក៏នឹងជួយគាំទ្រកម្ពុជានៅពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២។ ឯកឧត្តមបានអរគុណជប៉ុនចំពោះការបន្តជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
បន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមម៉ូតេហ្គី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានកត់ សម្គាល់ ដោយរីករាយដែលប្រទេសទាំងពីរកំពុងអនុវត្ត«ច្រកសម្រាប់ការស្នាក់នៅ»សម្រាប់អ្នកដំណើរ ដែលស្នាក់នៅរយៈពេលលើសពី១៤ថ្ងៃ និងសង្ឃឹមថា«ច្រកសម្រាប់ធុរកិច្ច»សម្រាប់អ្នកដំណើរដែលស្នាក់នៅរយៈពេលក្រោម១៤ថ្ងៃ នឹងអាចអនុវត្តបានក្នុងពេលឆាប់ៗខាងមុខនេះ។
សូមជម្រាបថា ៖រដ្ឋមន្ត្រីការបរទេសទាំងពីរបានបញ្ជាក់ឡើងវិញនូវបំណងប្រាថ្នារួម និងឆន្ទៈដ៏មុតមាំក្នុងការជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ៕ដោយ៖ឡេង បញ្ញាឬទ្ធិ