Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ចំនួន ៣៩ នាក់ ហើយ​បាន​ស្លាប់ ដោយសារ​ជំនន់​ទឹកភ្លៀង

ភ្នំពេញ៖ ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​នេះ មាន​ប្រជាពលរដ្ឋ​ចំនួន ៣៩​នាក់​ហើយ បាន​ស្លាប់​ដោយសារ ជំនន់​ទឹកភ្លៀង ដែល​បាននិងកំពុង​វាយប្រហារ​លើ​រាជធានី​-​ខេត្ត ចំនួន​១៩ ស្មើនឹង ១១០ ក្រុង​/​ស្រុក​/​ខណ្ឌ​។

​បើ​យោងតាម​របាយការណ៍ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្ត​ដែលមាន​អ្នកស្លាប់​ច្រើនជាងគេ គឺ​ខេត្តបន្ទាយមានជ័យ​មាន​រហូតដល់​ទៅ ២២​នាក់ ។​

​ក្នុង​របាយការណ៍ បាន​បង្ហាញថា ខេត្ត​ដែលមាន​ប្រជាពលរដ្ឋ​រងគ្រោះ​បាត់បង់​ជីវិត​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​រួមមាន​៖ ខេត្តពោធិ៍សាត់ ៦​នាក់​, បន្ទាយមានជ័យ ២២​នាក់​, ប៉ៃលិន ១​នាក់​, ព្រះសីហនុ ២​នាក់​, កំពង់ធំ ៦​នាក់​, ស្ទឹងត្រែង ១​នាក់ និង​កំពង់ឆ្នាំង ១​នាក់​។​

​របាយការណ៍​បានបញ្ជាក់​ពី​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនធំ ដូចជា​ផ្ទះ សាលារៀន ស្ពាន ផ្លូវថ្នល់ ។​ល​។ ខណៈ​ជំនន់​ទឹកភ្លៀង​នេះ បាន​ប៉ះពាល់​ដល់​ប្រជាជន​ប្រមាណ ១២០៧៨៥ គ្រួសារ ស្មើនឹង ៤៨៣១៤០ នាក់ ហើយ​ជំនន់​នេះ​បាន​ជន់​លិច​ស្រូវ ប្រមាណ ២៣២៥៥១ ហិកតា រួម​នឹង​ដំណាំ​រួមផ្សំ​ប្រមាណ ៨៣៩១៨ ហិកតា ទៀតផង​ដែរ​។​

ជំនន់​ទឹកភ្លៀង​នៅ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​មកនេះ បាន​ប៉ះពាល់​ស្ទើរតែ​គ្រប់​រាជធានី​-​ខេត្ត ជាពិសេស​ខេត្ត​ភាគ​ពាយ័ព្យ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ប៉ុន្តែ​រហូត​ពេលនេះ​ស្ថានភាព​នៃ​ជំនន់​ទឹកភ្លៀង​ហាក់​បាន​ធូរស្រាល ច្រើន​រាជធានី​ខេត្ត លើកលែងតែ​ខេត្តបន្ទាយមានជ័យ ដែល​កំពុង​បន្ត​ជន់​លិច​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×