Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអង់គ្លេស កើនដល់ ១.០០០លានដុល្លារ នៅឆ្នាំ២០១៧

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស ដែលបានកើនឡើងដល់ ១០០០លានដុល្លារ នៅឆ្នាំ២០១៧ ហើយគឺកម្ពុជានាំចេញទៅអង់គ្លេស ច្រើនជាង អង់គ្លេសនាំមកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យលោក អេតវើត វៃសឺ (Edward Vaizey) បេសកជននាយករដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកផ្នែកពាណិជ្ជកម្ម ដែលទើបតែងតាំងថ្មី នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារ។

ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា ជំនួបនោះទាំងលោកបេសកជន និងលោកឯកអគ្គរដ្ឋទូត មិនបានលើកឡើងពីបញ្ហានយោបាយនោះឡើយ។ ក៏ព្រោះតែអង់គ្លេសតែងប្រកាន់ជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។

ជំនួបរវាងប្រមុខការទូតកម្ពុជាលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយបេសកជននាយករដ្ឋមន្ត្រីអង់គ្លេស គឺលោក អេតវើត វៃសឺ (Edward Vaizey) បានជជែកពិភាក្សារឿងពង្រីកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ជារួមនៅក្នុងជំនួបនេះ គណៈប្រតិភូទាំងលោកបេសកជនពាណិជ្ជកម្ម របស់នាយករដ្ឋមន្ត្រីអង់គ្លេស ទាំងលោកឯកអគ្គរដ្ឋទូតអត់មានការលើកឡើងណាមួយ ដែលពាក់ព័ន្ធសភាពការណ៍នយោបាយនៅកម្ពុជានាពេលបច្ចុប្បន្នទេ។ បើតាមលោកអ្នកនាំពាក្យ បានយល់ថា ជាការគូសបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាលអង់គ្លេសកន្លងមកធ្លាប់បានអះអាងក្នុងជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជាថា អង់គ្លេសមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ នេះតាមជំនួបកន្លងមកគាត់និយាយអីចឹង ហើយក្នុងជំនួបលើកនេះអត់មានការលើកឡើងណាមួយ ដែលពាក់ព័ន្ធសភាពការណ៍នយោបាយបាយបច្ចុប្បន្នទេ។

លោក ជុំ សុន្ទរី ៖ប្រមុខការទូតកម្ពុជា និងលោកបេសកជននាយករដ្ឋមន្ត្រីអង់គ្លេស បានជជែកគ្នាយ៉ាងស៊ីសង្វាក់ជាទី បំផុតលើការពង្រីកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេស ដែលបានកើនឡើងពី ៨០០លានដុល្លារនៅឆ្នាំ២០១៥ មកដល់ ១០០០លានដុល្លារ នៅឆ្នាំ២០១៧ហើយទំហំពាណិជ្ជកម្មនេះ គឺកម្ពុជានាំចេញទៅអង់គ្លេសច្រើនជាងអង់គ្លេសនាំមកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងបរទេសកម្ពុជា ក៏បានស្នើឲ្យលោកបេសកជនអង់គ្លេស បន្ថែមការនាំចូលអង្ករ ស្កត្នោត និងម្រេចរបស់កម្ពុជាទៅកាន់ទីផ្សាររបស់អង់គ្លេសផងដែរ។

លោក អេតវើត វៃសឺ បានកោតសរសើរចំពោះការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបានសន្យា បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ផ្នែកពាណិជ្ជកម្មជាមួយកម្ពុជាឲ្យកាន់តែខ្លាំងក្លាថែមទៀត ហើយការចាកចេញរបស់អង់គ្លេស ពីសហភាពអឺរ៉ុប មិនប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសទេ ផ្ទុយទៅវិញ នឹងផ្តល់ឱកាសបន្ថែម សម្រាប់ការបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម ផលិតផលអង់គ្លេស និងធុរកិច្ចរបស់អង់គ្លេសនៅកម្ពុជា៕ ដោយ៖បញ្ញាស័ក្តិ

×