Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ អំពាវនាវ​ឱ្យ​យើងទាំងអស់គ្នា ចូលរួម​គោរព​និង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ឱ្យបាន​គ្រប់ៗ​គ្នា

​ខេត្តស្វាយរៀង ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នា​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ នេះ​បានធ្វើការ​អំពាវនាវ​ឱ្យ​យើងទាំងអស់គ្នា​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​អ្នកដទៃ ប្រកប ដោយ​ឆន្ទៈ​ភ្ញាក់រលឹក​ខ្ពស់ សំដៅ​លើកស្ទួយ​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​សណ្តាប់ធ្នាប់​សង្គម និង បាន​ក្រើនរំលឹក​ឱ្យ​អ្នកប្រើប្រាស់​ទោចក្រយានយន្ត​ទាំងអស់ ត្រូវ​ពាក់មួក​សុវត្ថិភាព​រាល់​ពេលធ្វើ​ដំណើរ មិន​ថា​នៅ​ទីជិត ឬ​ឆ្ងាយ ហើយ​ចំពោះ​អ្នកប្រើប្រាស់​រថយន្ត​គ្រប់​ប្រភេទ​ត្រូវ​ត្រួតពិនិត្យ​សុវត្ថិភាព លក្ខណៈ​បច្ចេកទេស​យានយន្ត​មុនពេល​ចេញដំណើរ ដើម្បី​ការពារ​សុវត្ថិភាព​របស់ខ្លួន​។​

​លោកស្រី​រដ្ឋលេខាធិការ​បាន​មានប្រសាសន៍​ដូច្នេះ ក្នុងឱកាស​ដែល​លោកស្រី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​អគារ ឃ សាលាខេត្ត​ស្វាយរៀង​។

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោក​អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ជា​ប្រធាន​ផ្នែក​អប់រំ និង​ផ្សព្វផ្សាយ នៃ​អគ្គលេខាធិការដ្ឋាន គ​.​ស​.​ច​.​គ លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តស្វាយរៀង កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ លោក​អភិបាលក្រុង ស្រុក​ទាំង​៨ ប្រធាន​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ យុវជន ស​.​ស​.​យ​.​ក យុវជន​កាកបាទក្រហម យុវជន​កាយ​រិ​ទ្ធិ សរុប​អ្នកចូលរួម​ចំនួន ១២០ នាក់​។

​លោកស្រី ឯក សុវណ្ណ​ភារៈ អភិបាលរង​ខេត្ត បាន​ជម្រាបជូន​អំពី​វឌ្ឍនភាព​ការងារ​របស់ អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដែល​សម្រេច​ការងារ​បា​ន​ជាច្រើន​ទៅលើ​ការអនុវត្ត និង​ការផ្សព្វផ្សាយ​យុទ្ធនាការ ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ខេត្តស្វាយរៀង​។​

​នាឱកាស​នោះ​លោក ស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គ​.​ស​.​ច​.​គ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ រដ្ឋបាលខេត្ត​ស្វាយរៀង ជាពិសេស​សមាជិក សមាជិកា នៃ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ទាំងអស់ ដែលមាន​ឯកឧត្ដម​អភិបាលខេត្ត​ជា​ប្រធាន ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​យ៉ាងសកម្ម​ក្នុង​បេសកកម្ម​នេះ ។

​លោកស្រី បាន​បន្តថា ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​ផ្លូវគោក នៅតែ​ជា​ក្ដីបារម្ភ ដោយសារ​ចំនួន​អ្នកស្លាប់​នៅតែមាន​តួលេខ​ខ្ពស់ ជាពិសេស​ចំនួន​អ្នកស្លាប់ ជា​អ្នកប្រើប្រាស់​ទោចក្រយានយន្ត​មិន​ពាក់មួក​សុវត្ថិភាព​នៅតែ​មាន​ចំនួន​ច្រើន ប្រការនេះ ទាមទារ​ឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​គ្រប់រូប ត្រូវ​បន្ត​ពង្រឹងស្មារតី​ប្រុងប្រយ័ត្ន​ក្នុងពេល​បើកបរ និង​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាមច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា​។​

​បន្ថែម​ពីនេះ លោកស្រី​រដ្ឋលេខាធិការ ក៏បាន​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន សូម​សហការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​ថែរក្សា​សុខភាព អនាម័យ ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ​ជាប្រចាំ ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ជៀសវៀង​ឱ្យបាន​ដាច់ខាត​ចំពោះ​គ្រឿងញៀន ព្រោះ​វា​អាច​បំផ្លាញ​អនាគត​របស់​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី និង​បង្ក​ជា​បញ្ហា​ដល់​សង្គម​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​អនាគត និង​ត្រូវ​ត្រៀមលក្ខណៈ​ឱ្យបាន​គ្រប់គ្រាន់ ការពារ​អាយុជីវិតរ​បស់​ប្រជាពលរដ្ឋ​ពី​គ្រោះទឹកជំនន់ ដែល​បាន​ជន់​លិច​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

លោកស្រី រដ្ឋលេខាធិការ បាន​អំពាវនាវ​ឱ្យចូល​រួម​គោរព​ទាំងអស់ ត្រូវគោរព និង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​អ្នកដទៃ ប្រកប ដោយ​ឆន្ទៈ​ភ្ញាក់រលឹក​ខ្ពស់ សំដៅ​លើកស្ទួយ​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​សណ្តាប់ធ្នាប់​សង្គម និង បាន​ក្រើនរំលឹក​ឱ្យ​អ្នកប្រើប្រាស់​ទោចក្រយានយន្ត​ទាំងអស់ ត្រូវ​ពាក់មួក​សុវត្ថិភាព​រាល់​ពេលធ្វើ​ដំណើរ មិន​ថា​នៅ​ទីជិត ឬ​ឆ្ងាយ ហើយ​ចំពោះ​អ្នកប្រើប្រាស់​រថយន្ត​គ្រប់​ប្រភេទ ត្រូវ​ត្រួតពិនិត្យ​សុវត្ថិភាព​លក្ខណៈ​បច្ចេកទេស​យានយន្ត​មុនពេល​ចេញដំណើរ ដើម្បី​ការពារ​សុវត្ថិភាព​របស់ខ្លួន​៕ ដោយ​៖​វ៉ៃ​កូ​

×