Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា អំពាវនាវ​ដល់​ពលរ​ដ្ឋ​ត្រូវ​ថែទាំ​សុខភាព និង​ការពារ​កូនតូច​ឲ្យ​ជៀសផុត​ការ​លង់ទឹក​

​ភ្នំពេញ​៖​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​ពេល​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ​និង​ចែក​អំណោយ​មនុស្សធម៌ ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត ដែល​បានទទួល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​១.៣៨២​គ្រួសារ រស់នៅក្នុង​ភូមិ​ចំនួន​៤៦ ក្នុង​សង្កាត់​ចំនួន​៦ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សៅរ៍ ទី ២៤ ខែតុលា ឆ្នាំ​២០២០​នេះ ។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន បាន​ពាំនាំ​ព្រះរាជបន្ទូល​របស់​ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​ទាំង​ទ្វេ​តែងតែមាន​ព្រះរាជហឫទ័យ​យកចិត្តទុកដាក់ និង​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជានុរាស្ត្រ​គ្រប់ពេលវេលា​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​សម្តែង​នូវ​មនោសញ្ចេតនា​អាណិតអាសូរ ចែករំលែក​នូវ​ការលំបាក ការសោកស្តាយ​យ៉ាង​ក្រៃលែង និង​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​ក្រុមគ្រួសារ​អ្នកស្លាប់ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បានទទួល​រងគ្រោះ​ដោយ​ទឹកជំនន់ ដែលជា​គ្រោះធម្មជាតិ​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ផ្តាំផ្ញើ​នូវ​សារ​អំពាវនាវ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់​ទូទាំងប្រទេស​ថា ៖​ទី​១.​សូម​ប្រជាពលរដ្ឋ​ទាំងអស់​ជាពិសេស​ក្រុមគ្រួសារ​ដែលមាន​កូនតូចៗ និង​ចាស់ជរា ត្រូវ​យកចិត្តទុកដាក់​មើលថែទាំ​ឱ្យបាន​ល្អ និង​បង្កើន​ការប្រុងប្រយ័ត្ន​ពី​គ្រោះថ្នាក់​លង់ទឹក​ស្លាប់ នាពេល​ទឹកជំនន់​ដែល​បណ្តាលឱ្យមាន​វិប្បដិសារី​អស់​មួយជីវិត​។
​ទី​២.​សូម​ប្រុងប្រយ័ត្ន​ពី​សត្វ​អាសិរ្ពិស​គ្រប់​ប្រភេទ​នាពេល​ទឹក​ឡើង និង​ពេល​ទឹក​ស្រក​ទៅវិញ ដែល​ពួកវា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​។ ទី​៣. សូម​គិតគូរ​ពី​សុខភាព និង​ការរក្សា​អនាម័យ ធ្វើយ៉ាងណា​គ្រប់​ក្រុមគ្រួសារ​ត្រូវ​បរិភោគ​ទឹក​ដាំ​ឆ្អិន​ល្អ ដើម្បី​ការពារ​កុំឱ្យ​កើតមាន​ជំងឺ​រាករូស ឬ​ជំងឺ​រាតត្បាត​នានា​។ ទី​៤.​នៅពេល​ទឹក​ស្រក មុនពេល​ត្រឡប់​ទៅ​រស់នៅ​លំនៅដ្ឋាន​វិញ សូម​សម្អាតផ្ទះ ឬ​បរិស្ថាន​ជុំវិញ​ផ្ទះ​ឱ្យបាន​ស្អាត និង​មាន​អនាម័យ​ហើយ​សូម​បន្ត​ប្រក​បរបរ​ចិញ្ចឹមជីវិត ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ​។ ទី​៥.​សូម​ប្រជាពលរដ្ឋ​ទាំងអស់ នាំគ្នា​ធ្វើអំពើ​ល្អ​ជួយ​យកអាសា​គ្នា ជួយ​គ្នា​ទៅវិញទៅមក ព្រោះថា​អំពើ​ល្អ​មិនចេះ​សាបសូន្យ​ទេ​។ ទី​៦.​សូម​បន្ត​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ត្រូវ​ពាក់​ម៉ាស លាងដៃ​នឹង​សាប៊ូ និង​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ដោយ​អនុវត្តតាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល និង​ទម្លាប់​រស់នៅ​តាមបែប​គ​ន្ល​ង​ថ្មី​។​

​គ្រួសារ​រងគ្រោះ​នីមួយៗ​ទទួលបាន ៖ អង្ករ ៣០​គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង ទឹកត្រី ៦​ដប ទឹក​សុទ្ធ​អរុណា​១​កេស និង​ឃី​ត ១​កញ្ចប់ (​មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​២) ។ បន្ថែម​ពីនេះ គ្រួសារ​រងគ្រោះ​ទាំងអស់​នៅបាន​ទទួល នំប៉័ង​បាក់​យ៉ុង ១​ដើម និង​ទឹក​សុទ្ធ ១​ដប ដែល​ឧបត្ថម្ភ​ដោយ​សាលា​រាជធានី​ភ្នំពេញ​។ នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នេះ មាន​សង្កាត់​ចំនួន​៧ ក្នុងនោះ​មាន​សង្កាត់​ចំនួន​៦ ដែល​ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់ ដែលមាន​ផ្ទះ​ចំនួន ៤.០៥២​ខ្នង រង​ផលប៉ះពាល់ និង​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​សរុប ៣.១៨២​គ្រួសារ (​ស្មើនឹង ១៨.៤២២​នាក់​)​។
​បន្ទាប់មក​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​គណៈប្រតិភូ បាន​អញ្ជើញ​បូជា​ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ​រតនត្រ័យ និង​នាំយក​នូវ​ទេយ្យទាន​ប្រគេន​វត្ត​កំពែង រួមមាន ៖ អង្ករ ២០០​គីឡូក្រាម មី ១០​កេស ត្រីខ ៤០​កំប៉ុង ត្រីងៀត ១០​គីឡូក្រាម សាច់ក្រក ១០​គីឡូក្រាម ស្ករស ១០​គីឡូក្រាម ទឹកដោះគោ​ខាប់ ២​កេស អូ​វ៉ាន់​ទីន ២​កេស តែ ១០​គីឡូក្រាម ទឹកក្រូច ១០​កេស ទឹក​សុទ្ធ ១០​កេស និង​បច្ច័យ ៥.០០០.០០០​រៀល (​ប្រាំ​លាន​រៀល​)​។ ប្រគេន​ព្រះចៅអធិការ សាដក​១ បច្ច័យ ១​លាន​រៀល​។ ប្រគេន​ព្រះសង្ឃ ១៩​អង្គ ក្នុង​១​អង្គៗ សាដក​១ និង​បច្ច័យ ២០​ម៉ឺន​រៀល​។ ជូន​តាអាចារ្យ​និង​គណៈកម្មការ​វត្ត ២១​នាក់ និង​យាយជី ២០​នាក់ ក្នុង​ម្នាក់ៗ​ថវិកា ៥០.០០០​រៀល និង​ក្រណាត់ស​១​ដុំ រួមជាមួយ​ថវិកា​១០.០០០​រៀល​។ ជូន​កូនសិស្ស​បម្រើ​ព្រះសង្ឃ ៤​នាក់ ក្នុង​ម្នាក់ៗ​ថវិកា ៥​ម៉ឺន​រៀល​៕​ដោយ​៖​ឡេង បញ្ញា​ឬ​ទ្ធិ​

×