ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបណ្តុះបណ្តាលការងារជំនាញដល់មន្ត្រីបោះឆ្នោត ជារឿងចាំបាច់ ដែលខកខានមិនបាន។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលលទ្ធផលល្អប្រសើរ ដោយមានប្រជាពលរដ្ឋចំនួន ២៦៨.៥៥៣នាក់ ស្មើនឹង ៨៩,៤០% ដែលបានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតលើចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ៣០០.៣៩០នាក់។ ប៉ុន្តែទន្ទឹមនឹងនេះ ការអនុវត្តបទបញ្ជា និងនីតិវិធីនៅមានភាពខ្វះចន្លោះនៅឡើយ។ ក្នុងន័យនេះ អនុវត្តតាម ផែនការមេ គ.ជ. ប បានរៀបចំវគ្គបណ្តុះបណ្តាលភ្លាម ជូនដល់មន្ត្រីរាជការ គ.ជ .ប និងមន្ត្រីលេខាធិការដ្ឋាន រាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) នាព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ នៅសាខាកាកបាទក្រហម កម្ពុជា ខេត្តព្រៃវែង។
ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ការអប់រំ ការផ្សព្វផ្សាយ ព័ត៌មាន ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណើរការបោះឆ្នោត ” ជូនមន្ត្រីរាជការ គ.ជ.ប ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា នេះជាលើកទីពីរហើយ ដែល គ.ជ.ប បានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប ពិសេសថ្នាក់ដឹកនាំលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត អំពីការរៀបចំ ចាត់ចែង ដំណើរការបោះឆ្នោត ដើម្បីត្រៀមលក្ខណសម្បត្តិក្នុងការចូលរួមអនុវត្តការងារបោះឆ្នោតនាពេលខាងមុខ ឱ្យទទួលបានជោគជ័យស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី របស់ គ.ជ.ប ។
ឯកឧត្តមបានបញ្ជាក់ថា នេះជាជំហាន ថ្មីមួយទៀតក្នុងក្របខ័ណ្ឌការងារកែទម្រង់របស់ គ .ជ. ប ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប ទៅតាមមុខជំនាញទទួលខុសត្រូវ ដើម្បីធានាឱ្យមានប្រសិទ្ធភាព ខ្ពស់លើការងារ តាមរយៈការបណ្តុះបណ្តាលដល់មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ ឱ្យទទួលបានចំណេះដឹង ជំនាញ និងព័ត៌មានគ្រប់គ្រាន់ ដើម្បីអនុវត្តការងារឱ្យទទួលបានជោគជ័យ ។
ទន្ទឹមនឹងនេះ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា មន្ត្រីរាជការ គ.ជ.ប ទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តការងារឱ្យកាន់តែល្អប្រសើ។ ការគ្រប់គ្រងការបោះឆ្នោត គឺជាដំណើរការរៀបចំដែលមានភាពស្មុគស្មាញ ទាមទារឱ្យមានធនធានគ្រប់គ្រាន់ មានមន្ត្រីដែលមានជំនាញបច្ចេកទេសយល់ដឹងច្បាស់លាស់ពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោត ក្នុងស្ថាប័នរៀបចំ ការបោះឆ្នោត ដូចនេះការបណ្តុះបណ្តាលអំពីការងារជំនាញដល់មន្ត្រីបោះឆ្នោតនេះ គឺជារឿងចាំបាច់ ដែលខកខានពុំបាន ។
ឯកឧត្តមបានបន្តទៀតថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.ប ទាំងអស់ នឹងពិនិត្យមើលឡើងវិញអំពីការធ្វើវិសោធនកម្មបទបញ្ជា និងនីតិវិធី និងក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ ដើម្បីកែសម្រួលមុននឹងឈានទៅដល់ការដាក់ជូនភាគីពាក់ព័ន្ធទាំង ១១ ពិនិត្យ និងដើម្បីត្រៀមលក្ខណៈសម្រាប់ការងារនៅឆ្នាំ២០២១ ខាងមុខនេះ។
មុនប្រកាសបើកកម្មវិធី ឯកឧត្តមអគ្គលេខាធិការ គ.ជ.ប បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំលេខាធិការដ្ឋាន រាជធានី ខេត្តរៀបចំការបោះឆ្នោតទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងវគ្គបណ្តុះបណ្តាល នាពេលនេះ និង សូមបន្តចែករំលែកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ជូនដល់មន្ត្រីរបស់ខ្លួនឱ្យបាន យល់ដឹងអំពីជំនាញពាក់ព័ន្ធ ដើម្បីចូលរួមអនុវត្តការងារក្នុងដំណើរការបោះឆ្នោតឱ្យបានកាន់តែល្អប្រសើរ ជាពិសេសត្រូវស្វែងយល់ពីច្បាប់ បទបញ្ជា និងនីតិវិធី សេចក្តីណែនាំ របស់ គ.ជ.ប ជាទុនក្នុងការអនុវត្តការងារក្នុងតួនាទី និងភារកិច្ចរៀងៗខ្លួន ៕ដោយ៖បញ្ញាស័ក្តិ