ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងធនធានទឹក បានឲ្យដឹងថា យោងតាមការប្រែប្រួលអាកាសធាតុបង្ហាញឲ្យឃើញថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (Molave) បានបង្កើនឥទ្ធិពលរបស់ខ្លួន ក្នុងសមុទ្រចិនខាងត្បូង។ ព្យុះនេះមានទិសដៅឆ្ពោះទៅប្រទេសវៀតណាម ត្រង់ចំណុចខេត្តក្វាងងៃ រួចថមថយឥទ្ធិពលបន្តបន្ទាប់ឆ្លងកាត់ប្រទេសឡាវ និងប្រទេសថៃ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។ ជ្រលងវិស្ពាធ និងសម្ពាធទាមម៉ូឡាវ មានឥទ្ធិពលមកលើកម្ពុជា នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២០។
ស្ថានភាពបែបនេះធ្វើឲ្យ៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី២០-២២ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ អង្សាសេ។ បណ្តារាជធានី-ខេត្តមួយចំនួន នៅភាគខាងក្រោម និងជាប់ព្រំដែនវៀតណាម ភ្លៀងនៅបន្តមានក្នុងកម្រិតពីតិចទៅមធ្យមរហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ។ តែសម្រាប់ថ្ងៃទី២៨-២៩ ខែតុលា ពិសេសភាគពាយ័ព្យនឹងមានភ្ញៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន។
បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សាសេ ភ្លៀងនៅតែបន្តមានកម្រិតពីតិចទៅបង្គួរ រហូតដល់ថ្ងៃទី២ ខែវិច្ឆិកា តែច្រើនលាយឡំនឹងខ្យល់ខ្លាំងនៅថ្ងៃទី២៨-២៩ ខែតុលា។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីតិចទៅច្រើន ។
ក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕ដោយ៖បញ្ញាស័ក្តិ