ភ្នំពេញ៖ គណៈកម្មការមូលបត្រកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សក្តានុពលទីផ្សារមូលបត្រសម្រាប់និរន្តរភាពអាជីវកម្មនៅកម្ពុជា នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា (គ .ម. ក.) និងលោកឧញ៉ា លីម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។
សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ និងបង្កើនការយល់ដឹងពាក់ព័ន្ធ និងវិស័យមូលបត្រ ជាពិសេសអត្តប្រយោជន៍ជាច្រើន ក្នុងការកៀរគរមូលធនតាមរយៈទីផ្សារមូលបត្រ ដល់សមាជិករបស់សភាពាណិជ្ជកម្មកម្ពុជា ដែលជាសហគ្រាសពាណិជ្ជកម្មសក្តានុពល ដើម្បីអាចត្រៀមខ្លួនក្នុងការស្វែងរកហិរញ្ញប្បទាន ក្នុងទីផ្សារមូលបត្រនៅប្រទេសកម្ពុជា ក៏ដូចជាការពង្រឹងការគ្រប់គ្រងក្រុមហ៊ុន ដើម្បីឱ្យអាជីកម្មមាននិរន្តរភាព។
កម្មវិធីសិក្ខាសាលានេះ ត្រូវបានបែងចែកជាបីផ្នែកសំខាន់ៗ គឺទី១ វឌ្ឍនភាពទីផ្សារមូលបត្រកម្ពុជា ទី២ ការចែករំលែកបទពិសោធន៏នៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារអេស៊ីលី និងទី៣ កិច្ចពិភាក្សា”ក្រុមហ៊ុនអេស៊ីលីដា មុននិងក្រោយ ការបោះផ្សាយលក់មូលបត្រជាសាធារណៈ។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃ(គ .ម. ក.) បានមានប្រសាសន៍ថា ការជួញដូរនៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលរួមមាន មូលបត្រកម្មសិទ្ធិ(ភាគហ៊ុន) មូលបត្របំណុល (សញ្ញាបណ្ណសាជីវកម្ម) និងឧបករណ៍និស្សន្ន ហើយនាពេលខាងមុខ យើងនិងដាក់ឱ្យដំណើការគម្រោងវិនិយោគរួម (CIS)។
សម្រាប់មូលបត្រកម្មសិទ្ធិ មានក្រុមហ៊ុនចំនួន ៧ បានចុះបញ្ជីបោះផ្សាយ ១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ២, ក្រុមហ៊ុនហ្គ្រេន ធ្វីន អិនធើណេសិនណល ៣ កំពង់ផែស្វយ័តក្រុងភ្នំពេញ ៤ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ៦ គ្រឹះស្ថានធនាគារអេស៊ីលីដា និង៧ ក្រុមហ៊ុនផេសថិក ខេមបូឌា ម .ក ) ដែលបានប្រមូលទឹកប្រាក់សរុប ១០១ លានដុល្លារ។
សម្រាប់មូលបត្របំណុល បន្ទាប់ពីការអនុម័តប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ កាលពីខែសីហា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ យើងមានក្រុមហ៊ុនចំនួន ៦ បានបោះផ្សាយ ១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ៣ ធនាគារ អេប៊ីអេ ៤. ក្រុមហ៊ុន អអិមអេ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ៦ ធនាគារភ្នំពេញពាណិជ្ជ ដែលបានប្រមូលទឹកប្រាក់សរុបប្រមាណជាង ១៤៣ លានដុល្លារ។ សម្រាប់ឧបករណ៍និស្សន្ទ (សំដៅដល់ការជួញដូរលើកិច្ចសន្យាគម្លាតថ្លៃនៃឧបករណ៍ហិរញ្ញវត្ថុដើម ដែលចេញពីមូលបត្រសន្ទស្សន៍លោហៈធាតុមានតម្លៃ ដូចជា គម្លាតថ្លៃមាស ប្រាក់ ប្រេងឆៅ និងរូបិយបណ្ណ អន្តរជាតិ ជាដើម ត្រូវបានដាក់ឱ្យជួញដូរនៅក្នុងទីផ្សារតាមរយៈក្រុមហ៊ុនសមភាគីកណ្តាលចំនួន ៥ និងក្រុមហ៊ុនឈ្មួញជើងសា ឧបករណ៍និស្សន្ទ ចំនួន ៣០ ដែលទទួលបានអាជ្ញាបណ្ណពី គ. ម. ក. ។
បើគិតត្រឹមពាក់កណ្តាល ឆ្នាំ២០២០នេះ ទីផ្សារឧបករណ៍និស្សន្ទ មានទំហំជួញដូរសរុបប្រមាណជា ១៥០ (មួយរយហាសិប) លានដុល្លារ។ ដោយឡែក សម្រាប់គម្រោងវិនិយោគរួម វិញ បច្ចុប្បន្ន គ. ម. ក. បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុន គ្រប់គ្រងមូលនិធិចំនួន ៨ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសចំនួន ១០ និងក្រុមហ៊ុនចែកចាយលក់ ឡប់មកវិញ ឬទូទាត់សងចំនួន ២ ផងដែរ។
ជារួម បច្ចុប្បន្នគ. ម. ក. មានក្រុមហ៊ុនបោះផ្សាយចំនួន ១៣ ដែលក្រុមហ៊ុនទាំងនោះ បានប្រមូលថវិការួម គ្នាសរុបចំនួនជាង ២៤៤ លានដុល្លារអាមេរិកពីទីផ្សារ ដើម្បីពង្រីក ឬអភិវឌ្ឍស្ថាប័នរបស់ខ្លួន ហើយ បើគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០ មានមូលធនូបនីយកម្មទីផ្សារប្រមាណជា ១០ ,០៤៧ (មួយពាន់ សែសិបប្រាំពី) ប៊ីលានរៀល បើគិតជាដុល្លារប្រហែល ២.៤៥០ ប៊ីលានលានដុល្លារ (ពីរពាន់បួនរយហាសិប លានដុល្លារ ស្មើឌីង ៩.២៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ។ បន្ថែមលើនេះ ក៏មានក្រុមហ៊ុន មួយចំនួនទៀតបាននិងកំពុងរៀបចំខ្លួន ដើម្បីបោះផ្សាយលក់មូលបត្រជាសាធារណៈផងដែរ។
នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃ(គ .ម. ក.)។
បើតាមលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា នេះជាការចូលរួមរបស់សភាពាណិជ្ជកម្មកម្ពុជា ជាវិស័យឯកជន ដែលមានតួនាទីសំខាន់ ក្នុងការជម្រុញឱ្យមានកំណើនសេដ្ឋកិច្ច។ លើសពីនេះ ជាកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងជម្រុញការចូលរួមរបស់វិស័យឯកជន នៅក្នុងវិស័យមូលបត្រនៅកម្ពុជា។
ក្រុមហ៊ុនដែលបានបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រជាសាធារណៈនៅក្នុងទីផ្សារមូលបត្រកម្ពុជា នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន តាមរយៈការគាំទ្រពីរាជរដ្ឋាភិបាលលើការផ្តល់ការលើកទឹកចិត្តពន្ធដារ បន្ទាប់ពីចុះបញ្ជីក្នុងទីផ្សារ ដោយបន្ថយពន្ធលើប្រាក់ចំណេញលើអត្រាពន្ធ ដែលត្រូវបង់ប្រចាំឆ្នាំ ជាពិសេសគឺលទ្ធភាពទទួលបានការអនុគ្រោះបំណុលពន្ធពីអតីតកាល និងអត្ថប្រយោជន៍ផ្សេងៗទៀត។
តាមរយៈការបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រជាសាធារណៈ ក្រុមហ៊ុនអាចកៀរគរធនធានហិរញ្ញវត្ថុក្នុងទំហំតូច ឬធំ ក្នុងរយៈពេលខ្លី មធ្យម និងវែង ដែលសមស្របតាមស្ថានភាពរបស់ក្រុមហ៊ុន សម្រាប់ ទ្រទ្រង់ដល់ការលូតលាស់ និងរីកចម្រើនរបស់ខ្លួន ជាពិសេសនៅក្នុងស្ថានភាពក្រោយពីទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីត ១៩ ក្រុមហ៊ុនអាចស្វែងរកប្រភពទុនបន្ថែមពីទីផ្សារមួយនេះ៕
ដោយ៖CEN