ភ្នំពេញ៖ ទង្វើនៃការលោភលន់ ចង់បានដ៏ជ្រុលហួសហេតុ មិនស្គាល់សូម្បីតែចំណីផ្លូវសាធារណៈ ពីសំណាក់អ្នកភូមិមួយចំនួន ដោយធ្វើរបងរំលោភលើផ្លូវធ្វើដំណើរ ដែលសូម្បីតែដើរក៏មិនចង់កើត គឺតែងកើតមានឡើង ហើយក៏ត្រូវបានគេបង្ហោះឲ្យមហាជននៅក្នុងបណ្តាញសង្គម បានឃើញជារឿយៗ។
ដោយឡែក ករណីដ៏ហួសចិត្តមួយទៀត បង្ហាញពីទង្វើម្ចាស់ផ្ទះគ្រួសារ២ដែលប្រជែងគ្នាបោះបង្គោលរបងរំលោភផ្លូវធ្វើដំណើរចេញចូលក្នុងភូមិ ដែលដើរខ្លួនមួយទម្រាំចេញរួចទាំងវេទនា ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមចាប់អារម្មណ៍ និងចែករំលែកតៗគ្នាផ្ទុះការភ្ញាក់ផ្អើលជាថ្មី ក្រោយពីគណនីហ្វេសប៊ុកឈ្មោះ បឿន ចាន់រឹក បានបង្ហោះរូបភាព១សន្លឹកដ៏សែនហួសចិត្ត និងភ្ជាប់សារលើកឡើងបែបនេះថា៖ «ពីមុនបារម្ភព្រោះផ្លូវតូចពិបាកចេញចូលម៉ូតូ និងឡាន ឥលូវលែងបារម្ភទៀតហើយ ព្រោះអស់ផ្លូវហើយ»។
ទោះយ៉ាងណា គណនីខាងលើ គាត់បានប្រាប់ថា ករណីនេះពុំបានដឹងថាកើតឡើងនៅភូមិស្រុកណានោះទេ ដោយគាត់បានស៊ែរតពីគេប៉ុណ្ណោះ ដើម្បីឲ្យមនុស្សដែលមានចិត្តលោភលន់ប្រភេទៗនេះ បើកខួរពិចារណាខ្លះផងទៅ។
ក្រោយពីបានឃើញទង្វើដ៏ជ្រុលហួសហេតុនេះ មហាជននៅក្នុងបណ្តាញសង្គម បានសម្តែងការស្អប់ខ្ពើម និងដាក់យ៉ាងចាស់ៗដៃថា៖ «មនុស្សលោភលន់តែប៉ុណ្ណឹងឯង មិនដឹងថាវាខួរក្បាលអីទេ ខ្ញុំធ្លាប់ជួបហើយ, ងាប់ទៅយកទៅតាមមែន.. អាមនុស្សចឹងបានភ្លើងឆេះផ្ទះតាស់ ចាំមើលឡានទឹកទៅតាមណា,… » ៕ ដោយ៖ លឹម ហុង