ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោកដឹកនាំដោយលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌកាលពីរសៀលថ្ងៃទី១៦ តុលានេះបានបន្ត អនុវត្តវិធានការក្តៅ ក្រោយពីណែនាំនិងកំណត់រយៈពេល៣ថ្ងៃអោយប្រជាពលរដ្ឋរុះរើអោយខ្លួនឯងចេញពីចិញ្ចើមផ្លូវដែលពួកគាត់រំលោភយកលើសពី២ភាគ៣។
ការងារនេះត្រូវបានធ្វើឡើងនៅលើកំណាត់ផ្លូវទេព ផនចាប់ពីមុខសាលាខណ្ឌទួលគោកដល់ស្តុបទេព ផន ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោបានអោយដឹងថា ក្រោយពីធ្វើការណែនាំអោយប្រជាពលរដ្ឋរុះរើចេញដោយខ្លួនឯងចេញពីចិញ្ចើមផ្លូវដែលពួកគាត់រំលោភយកលើសពី២ភាគ៣ ឃើញថា ប្រជាពលរដ្ឋមួយចំនួនបានអនុវត្តតាម ។ប៉ុន្តែក្នុងនោះក៏មានប្រជាពលរដ្ឋមួយចំនួនទៀតគោរពតាមដែរ ហើយត្រូវបានអាជ្ញាធរប្រើប្រាស់កម្លាំងរៀបចំជំនួស តែទោះបីជាយ៉ាងណាក្តី ពួកគាត់ក៏មិនជំទាស់ដែរ ពោលគឺអនុវត្តការងារនេះបានទៅដោយរលូន ដោយទីតាំងខ្លះត្រូវបានអាជ្ញាធរសម្រេចរុះរើរបាំងដែក និងថ្មចេញពីចិញ្ចើមដែរពួកគាត់រំលោភ ។ចំណែករថយន្តនៅការ៉ាសតាម៉ុងដែលតាំងលក់រំលោភនៅលើចិញ្ចើមផ្លូវនេះក៏ត្រូវបានម្ចាស់ការ៉ាសស្ម័ក្រចិត្តយកចេញអស់ដែរ។
គួរបញ្ជាក់ថា អាជ្ញាធរខណ្ឌទួលគោកដឹកនាំដោយលោក ចាន់ បណ្ឌិត កាលពីព្រឹកថ្ងៃទី១០ និងថ្ថៃទី១៤ តុលាកន្លងមកនេះ អាជ្ញាធរបានចុះធ្វើការណែនាំបាញ់ថ្នាំកំណត់ចិញ្ចើមផ្លូវ២ភាគ៣និងធ្វើការរុះរើរបាំង ដែក ថ្មដែលរំលោភនៅលើកំណាត់ផ្លូវទេព ផន (១៨២)នេះផងដែរ។
ចំពោះសម្ភារៈមួយចំនួនដែលត្រូវបានរុះរើ ត្រូវបានដឹកបញ្ជូនទៅរក្សាទុកនៅសាលាខណ្ឌទួលគោក ដើម្បីរងចាំការដោះស្រាយបន្ត។
គួរបញ្ជាក់ថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ កញ្ញា កន្លងមកនេះបានបើកកិច្ច ប្រជុំមួយដោយបានដាក់ផែនការលើការរៀបចំសណ្តាប់ធ្នាប់លើបណ្តោយផ្លូវ១១ខ្សែនៅកណ្តាលក្រុងខណៈដែលផ្លូវទាំងនេះកំពុងត្រូវបានគេរំលោភយកមកប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនមិនស្តាប់តាមការណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ៕ ដោយ៖ជាលី