ខេត្តកោះកុង៖ សកម្មជនការពារបរិស្ថាន នៃអតីតអង្គការមាតាធម្មជាតិ ២រូប គឺលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី ត្រូវបានដោះលែងពីពន្ធនាគារខេត្តកោះកុង ហើយកាលពីវេលាម៉ោងជាង ១១ ព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
មន្ត្រីសង្គមស៊ីវិលមិនមែនរដ្ឋាភិបាល និងសាច់ញាតិ យុវជនការពារបរិស្ថានទាំង ២នាក់ បានចាត់ទុកការឃុំខ្លួន យុវជនជនទាំង ២នាក់ របស់សាលាដំបូងខេត្តកោះកុងកន្លងមកនេះ ថាជារឿងអយុត្តិធ៌ម និងមានរឿងមិនប្រក្រីតី នៅក្នុងដំណើរការក្តីមួយនេះ។
យ៉ាងណាក៏ដោយចុះ តាំងពីព្រឹកព្រលឹម ថ្ងៃដដែលនេះ គេសង្គេតឃើញវត្តមាន របស់ មន្ត្រីសង្គមស៊ីវិល សាច់ញាតិ និង មិត្តភ័ក្រយុវជនការពារបរិស្ថានទាំង ២នាក់ បានប្រមូលផ្តុំគ្នានៅពីមុខពន្ធនាគារខេត្តកោះកុង ដើម្បីទទួលស្វាគមន៍យុវជនទាំង ២រូប។
ទាក់ទិនបញ្ហានេះ ក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស បានពិនិត្យឃើញថា សកម្មជនបរិស្ថានទាំង ២រូប មិនបានប្រព្រឹត្តកំហុស ដូចការចោទប្រកាន់របស់តំណាងអយ្យការនោះទេ។
សកម្មជនអង្គការមាតាធម្មជាតិ ២រូប គឺលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនតាំងពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ មកម្ល៉េះ ក្រោយពេលអ្នកទាំងពីរបានជិះទូកថតរូបភាព និងវីដេអូ សកម្មភាពកប៉ាល់ដឹកខ្សាច់ស៊ីលីកា ពីរគ្រឿងក្នុងលំហសមុទ្រ នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។
ដើមបណ្ដឹងក្នុងសំណុំរឿងនេះ គឺក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដែលហៅកាត់ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.) របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាអ្នករកស៊ីនាំចេញខ្សាច់នៅខេត្តកោះកុងជាច្រើនឆ្នាំមកហើយ។
សកម្មជនបរិស្ថានទាំងពីរត្រូវបានចោទប្រកាន់ចំនួន ២បទល្មើស គឺទី១ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងទី២ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល។
ក្រុមមន្ត្រីសង្គមស៊ីវិល បានអះអាងថា លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី គឺមិនបានប្រព្រឹត្តកំហុសអ្វីនោះទេ គឺពួកគេទាំង ២នាក់ គ្រាន់តែធ្វើការងារ ទៅតាមអនុសាសន៍ របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជំរុញឱ្យយុវជនចូលរួមក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិប៉ុណ្ណោះ។
បញ្ហានេះដែរ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នៅមុនតុលាការខេត្តកោះកុងដោះ លែងយុវជនទាំង ២នាក់ បានហៅសកម្មជនទាំង ២រូបខាងលើនេះ ថាជាអ្នកទោសមនសិការ និងទាមទារឱ្យអាជ្ញាធរខេត្តកោះកុង ដោះលែងអ្នកទាំងពីរជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ព្រោះអង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះ រកមិនឃើញថា សកម្មភាពរបស់អ្នកទាំងពីរគឺជាការប្រព្រឹត្តបទល្មើសឧក្រិដ្ឋនោះឡើយ។
ចំណែក ម្ដាយ លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី វិញ កន្លងមកនេះ ក៏បានយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ដើម្បីស្វះស្វែងរកអន្តរាគមន៍ពីស្ថាប័នជំនាញទាំងពីរក្នុងសំណុំរឿងនេះ។ កាលនោះ អាណាព្យាបាលយុវជនទាំង ២នាក់ រំពឹងថា តុលាការខេត្តកោះកុង នឹងផ្ដល់ភាពយុត្តិធម៌ដល់កូនប្រុស របស់ពួកគាត់ ហើយដោះលែងពួកគេទាំង ២នាក់ ឱ្យមានសេរីភាពវិញ៕ ដែន សីមា