ភ្នំពេញ- តារាចម្រៀងយេយេ ឆៃលី ដាឡែន ធ្វើខួបកំណើតគម្រប់អាយុ ៣៦ឆ្នាំ គ្រាដែលនាងទើបតែសម្រាលបានកូនប្រុសមួយអាយុជិត ៣ខែ ប៉ុន្តែនាងមិនធ្វើពិធីបង្កក់ទេ ព្រោះនាងគិតថាកូនប្រុសនាងមានអាយុទើបតែ៣ខែ នាងថាចាំកូនបានមួយខួបទើបធ្វើពិធីបង្កក់តែម្តង។
អាយុគ្រាន់តែជាតួលេខមែន អាយុសាមក្រាស់ទៅហើយ តែ ឆៃលី ដាឡែន បានលេងស្ទីលរ៉ូបរបស់នាងក្នុងថ្ងៃកំណើត ព្រមទាំងគ្រងមកុដមើលទៅដូចព្រះនាងដែរតាស។ ក្នុងថ្ងៃនោះដែល ដាឡែន បានប្រាប់ថា រូបរបស់នាង បានការឧបត្ថម្ភពីហាងកាត់ដេរមួយ ដែលផ្តល់ជាការដូ ជូននាងក្នុងតំលៃជិតពាន់ដុល្លារឯណោះ។
ខួបកំណើតឆ្នាំនេះ តារាសម្តែង ឆៃលី ដាឡែន បានរៀបចំកាលពីរាត្រីថ្ងៃច័ន្ទ ទី ១២ កុម្ភៈ ២០១៨ នៅហាងអាហារមួយក្នុងរាជធានីភ្នំពេញ ដែលមានអញ្ជើញភ្ងៀវកិត្តិយសប្រមាណ១៥តុ។ ដាឡែន ថា ក្នុងចំណោមភ្ញៀវ១៥០នាក់នេះ គឺមានអ្នកសិល្បៈចូលរួមប្រហែលពាក់កណ្តាល ព្រោះក្នុងនោះនាងក៏បានអញ្ជើញអ្នកជំនួញ និងបងប្អូនសាច់ញាតិ ផងដែរ៕ ដោយ-គីម ស្រីរ័ត្ន