ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ២០២០ បានធ្វើការហាមឃាត់ហ្វេសប៊ុកផេកជាច្រើន ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលឱសថ និងគ្រឿងសម្អាងជាច្រើនប្រភេទ ដែលគ្មានលេខទិដ្ឋាការ ឬ បញ្ចិកា ឬ ប្រវេទន៍ពីក្រសួងសុខាភិបាល។
ហ្វេសប៊ុកផេកដែលកំពុងផ្សព្វផ្យាយលក់ឱសថ ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាង គ្មានបញ្ចិកា គ្មានប្រវេទន៍ និងគ្មានការទទួលខុសត្រូវពីក្រសួងសុខាភិបាល រួមមាន៖ Aust-Cam Vitamins, Australia Products, Australia Products House, L&L Australia Products និង Fruit Snacks Cambodia។
នៅថ្ងៃទី០២ ខែវិច្ឆកា ដដែល ក្រសួងក៏បានរកឃើញ និងហាមឃាត់ហ្វេសប៊ុកផេកមួយទៀត មានឈ្មោះថា NEW4u Businesses ដែលក៏កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថ Total Natural Nano Drop គ្មានចុះបញ្ចិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល។ លើសពីនេះ ផេកហ្វេសប៊ុកខាងលើនេះ ក៏បានផ្សព្វផ្សាយភូតកុហក និងបំផ្លើសហួសពីការពិត ដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវដូចជាៈ ជួយបញ្ហាជំងឺភ្នែកកន្ទុយថ្លែន ភ្នែកឡើងបាយ ភ្នែកក្រហម ទឹកដក់ក្នុងភ្នែក និងភ្នែកក្រហម។
ហេតុដូច្នេះ ដើម្បីជៀសវាងការខាតបង់ប្រាក់កាសនិងប៉ះពាល់ដល់សុខភាព ឬ ឈានដល់ការបាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាល សូមជូនដំណឹងនេះ និងក៏ដូចអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលឱសថ និងគ្រឿងសម្អាងទាំងនេះជាបន្តទៀត។ ហើយទន្ទឹមនេះផងដែរ ក្រសួងសុខាភិបាល ក៏តម្រូវឲ្យម្ចាស់ហ្វេសប៊ុកផេកទាំងអស់ខាងលើ ត្រូវបញ្ឈប់ការនាំចូលចែកចាយ ឬលក់ និងផ្សព្វផ្សាយឱសថទាំងនេះជាបន្ទាន់ និងប្រមូលផលិតផលខាងលើនេះមកកំទេចចោលផងដែរ។
ក្រសួងសុខាភិបាល ក៏នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ផងដែរ ចំពោះម្ចាស់ហ្វេសប៊ុកផេកទាំង៦ខាងលើ ដែលនៅតែកំពុងបន្តផ្សព្វផ្សាយលក់ឱសថ ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងទាំងនេះទៅតាមផ្លូវច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕ ដោយ៖ លឹម ហុង