មង្គលការដ៏ចម្លែកមួយកាលពី២ខែមុននេះ បានធ្វើឲ្យផ្ទុះកក្រើកពេញបណ្តាញសង្គមតែម្តងព្រោះតែកូនលោះអាយុ ៨៧ ឆ្នាំ បានដឹកដៃកូនក្រមុំព្រហ្មចារីយ៍អាយុ ៦៧ ឆ្នាំ ចូលរោងការតាមប្រពៃណីផ្អើលភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០ ។
កូនកំលោះ ឈ្មោះ នួន ខេង អាយុ ៨៧ ឆ្នាំ ជាពោះម៉ាយ ខណៈ កូនក្រមុំ ឈ្មោះ រស់ ម៉ៅ អាយុ ៦៧ ឆ្នាំ ជា ក្រមុំចាស់ ( មិនដែលស្គាល់រសជាតិប្តីម្តងណា សោះ ) ហើយក៏ត្រូវជា ប្អូនថ្លៃ របស់កូនកំលោះ ផងដែរ ។
បើតាមកូនប្រុសរបស់លោកតាជាកូនកំលោះ បានឲ្យដឹងថា បន្ទាប់ពីម្តាយបង្កើតចែកឋានទៅបានជិត១ឆ្នាំមក រូបគាត់ និងបងស្រី២នាក់ទៀត បានយកម្តាយមីងបង្កើតវ័យចំណាស់ម្នាក់ឈ្មោះ រស់ ម៉ៅ គ្មានកូននៅមើលថែ ឱ្យមករស់នៅជាមួយ ។
បន្ទាប់មកមិនទាន់បានប៉ុន្មានខែផង ឪពុករបស់គាត់ ក៏ឱ្យពួកគាត់ជាកូនៗជួយគិតគូររៀបចំកម្មវិធីអាពាហ៍ពិពាហ៍ឲ្យរូបគាត់ ជាមួយកូនក្រមុំអាយុ៦៧ឆ្នាំ ដែលត្រូវជាម្តាយមីងបង្កើតរបស់ពួកគាត់តែម្ដងទៅ។
កូនប្រុសរបស់កូនកំលោះ ក៏បានបង្ហើបឲ្យដឹងថា ការចាត់ចែងរៀបចំអាពាហ៍ពិពាហ៍ជូនឪពុក និងម្តាយមីងរបស់ពួកគាត់ ដោយធ្វើម្ហូបទទួលភ្ញៀវចំនួន៤៥តុ មានកម្មវិធីបង្វិលពពិល កម្មវិធីចងដៃ បាចផ្កាស្លា និងកាត់នំខេក មានភាពអធិកអធ័មគួរសមដែរ ដោយមិនចាញ់អាពាហ៍ពិពាហ៍របស់ក្មេងៗជំនាន់ក្រោយប៉ុន្មាននោះទេ។
ដោយឡែក ថ្មីៗនេះ គូស្នេហ៍ពីបុព្វជាតិ១គូនេះ បានទម្លាយចេញអារម្មណ៍ពិតក្រោយរៀបមង្គលរួច ដោយលោកយាយ រស់ ម៉ៅ បានរៀបរាប់ទាំងទឹកមុខអៀនខ្មាសថា ពេលមានគូទើបដឹងថាមានសេចក្តីសុខច្រើនជាងនៅម្នាក់ឯង ព្រោះមានគូអាចជួយមើលថែគ្នាទៅវិញទៅមក។ លោកយាយក៏បានប្រាប់ពីមូលហេតុមិនយកប្តីនៅក្រមុំរហូតមកទល់ពេលនេះ គឺដោយសារគ្មានប្រុសណាម្នាក់មើលឲ្យត្រូវភ្នែក។ ប៉ុន្តែ ការសម្រេចចិត្តយកបងថ្លៃជាគូនៅពេលនេះ គឺដោយសារព្រួយបារម្ភវ័យកាន់តែចាស់ទៅ ពិបាកសុខទុក្ខគ្មានអ្នកមើលថែ។
ចំណែកលោកតា នួន ខេង វិញ ដែលជាមនុស្សរប៉ិលរប៉ូចចូលចិត្តលេងសើចច្រើនតាំងពីក្មេងម្លេះ ក៏បានប្រាប់ឲ្យដឹងថា គាត់បានយកប្អូនថ្លៃជាគូ ដោយសារមានការផ្តួចផ្តើមពីកូនៗ ហើយបើនិយាយពីសេចក្តីសុខវិញ គឺថាពេញទំហឹងតែម្តង គ្មានជំងឺដង្កាត់ណាមកបៀតបៀននោះទេ ពោលគឺរឹតតែឡើងគីឡូខ្លាំង ចាប់តាំងពីរៀបការជាមួយក្រមុំចាស់មក។ ហើយឥឡូវនេះ ពួកគាត់ទាំងពីរកំពុងល្បីខ្លាំង ដោយទៅណាមកណាគេហៅថាជាតារាក្រប់ៗគ្នា ដែលធ្វើឲ្យពួកគាត់រំភើបចិត្តជាខ្លាំង៕ ដោយ៖ លឹម ហុង