ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន នៅក្នុងបណ្តាញសង្គម ប្រាកដជាបានជ្រាបហើយ ចំពោះគ្រួសារមួយកំពុងមានទុក្ខដ៏សែនក្រៀមបំផុត ដោយនារីម្នាក់ត្រូវជាកូនជាក្មួយនិងត្រូវជាប្រពន្ធដ៏គួរឲ្យស្រឡាញ់ បានបាត់បង់ជីវិតចោលប្តី និងកូនដោយសារជំងឺបេះដូង។ ហើយព័ត៌មាននេះផងដែរ ក៏កំពុងទទួលការចាប់អារម្មណ៍ដោយក្តីក្តុកក្តួលជាខ្លាំង ព្រោះតែអាណិតដល់គ្រួសារនេះ មិនគួរណាបាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់ទាំងនៅវ័យក្មេងបែបនេះ។
ជាមួយទុក្ខដ៏ក្រៀមក្រមុំ និងក្តីនឹករលឹកពុំអាចបំភ្លេចបាន ក្នុងនោះបុរសជាប្តីដែលមានគណនីហ្វេសប៊ុកឈ្មោះ Sothon Huo បានបង្ហោះសារទៅកាន់វិញ្ញាញក្ខន្ធប្រពន្ធជាទីស្រឡាញ់ ដែលមានខ្លឹមសាររៀបរាប់យ៉ាងកម្សត់ជាបន្តបន្ទាប់ថា៖ «កាន់តែគិត កាន់តែរកមើល កាន់តែអួលដើមករ អ្វីៗដូចអូនសរសេរផ្តាំបងរួចហើយចឹង ប្រពន្ធសម្លាញ់ចិត្តបងអើយ”។
“ប្រពន្ធជាទីស្រឡាញ់ មកនាំអូនមកផ្ទះហើយ អូនឈប់ខ្លាចទៀត សម្រាកចុះណា បងសន្យាហើយ គឺបងមិនទុកអូនចោលឡើយ។ សំដីអូន (អូនមិនចង់នៅវត្តទេ អូនខ្លាចខ្មោច អូនខ្លាចនៅម្នាក់ឯង) បងនៅតែថែអូនជារៀងរហូត បងនឹងធ្វើបុណ្យ ដាក់ទាន ឧទ្ទិសកុសលផលបុណ្យទាំងអស់ជូនអូន ។ អារម្មណ៍ដែលថប់ៗ ណែនទ្រូង អួលដើមក វានៅពេញទ្រូងបងអស់ហើយ និយាយមិនចេញ បានត្រឹមតែទ្រាំៗ៕ ដោយ៖ លឹម ហុង