យុវជនជនជាតិចិនឈ្មោះ Wang Shangkun កាលពីឆ្នាំ២០១១ បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ិនធឺណិតស្រឡាំងកាំងជាខ្លាំង ក្រោយបានដឹងថា រូបគេបានសម្រេចចិត្តលក់ក្រលៀនអស់មួយ ដើម្បីទិញ iPad 2 មួយគ្រឿង និង iPhone 4 មួយគ្រឿង។
Wang បានលក់សរីរាង្គរបស់ខ្លួន នៅលើទីផ្សារងងឹតក្នុងតម្លៃ ២២០,០០០ យ័ន (ប្រមាណ ៣៣០០០ ដុល្លារ) ។ យុវជនរូបនេះដែលមកពីខេត្ត Anhui បានប្រាប់បណ្តាញទូរទស្សន៍ចិនមួយថា រូបគេចង់ទិញទូរស័ព្ទ iPhone 2 ប៉ុន្តែ រូបគេមិនអាចមានលទ្ធភាពទិញបានទេ ប៉ុន្តែក្រោយមក រូបគេត្រូវបានក្រុមអ្នកប្រមូលសរីរាង្គខុសច្បាប់ អូសទាញឲ្យលក់សរីរាង្គ តាមរយៈឆាតនៅលើអ៊ិនធរណេត។
មិនយូរប៉ុន្មាន Wang បានទទួលការវះកាត់យកក្រលៀនខាងស្តាំចេញ ហើយបញ្ជូនទៅអ្នកទទួលដែលមិនស្គាល់។ NPR បានរាយការណ៍ថា យុវជនរូបនេះបានវិលត្រឡប់ទៅផ្ទះវិញជាមួយនឹងឧបករណ៍ទំនើបទាន់សម័យដែលមានតម្លៃថ្លៃ ដែលជាហេតុធ្វើឲ្យម្តាយមានការសង្ស័យ នាំឲ្យរូបគេដាច់ចិត្តសារភាពប្រាប់ម្តាយត្រង់ៗអំពីរឿងនេះ។
តែយ៉ាងណា ជាអកុសល ឥឡូវនេះ Wang ប្រហែលនឹងត្រូវសម្រាកលើគ្រែអស់មួយជីវិត ខណៈរូបគេកំពុងទទួលរងពីកង្វះតម្រងនោម ហើយត្រូវបានភ្ជាប់ទៅនឹងម៉ាស៊ីនលាងតម្រងនោមទៀតផង។ ក្នុងរយៈពេលពីរបីខែបន្ទាប់ពីការវះកាត់ Wang បានវិវត្តទៅជាជំងឺឆ្លងនៅក្នុងក្រលៀនដែលនៅសល់ ដោយសារតែការថែទាំក្រោយការវះកាត់មិនត្រឹមត្រូវ និងទីតាំងដែលមិនមានអនាម័យនៃការវះកាត់។
ឥឡូវនេះ រូបគេត្រូវការការលាងតម្រងនោមជារៀងរាល់ថ្ងៃ ដើម្បីលុបជាតិពុលក្នុងឈាម ហើយរូបគេប្រហែលជាត្រូវការវះកាត់ប្តូរក្រលៀនដោយខ្លួនឯង។
ជុំវិញករណីដ៏ញាក់សាច់នេះផងដែរ មនុស្ស ៥ នាក់ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋរួមមានទាំងអ្នកវះកាត់ និងឈ្មួញកណ្តាល ដែលត្រូវបានគេរាយការណ៍ថាក្ស័យធនដោយសារការញៀនល្បែង៕ ដោយ៖ លឹម ហុង