ផ្អែកតាមការវិភាគទិន្នន័យប្រអប់ខ្មៅ ក្រុមអ្នកស៊ើបអង្កេតឲ្យដឹងថា យន្តហោះ An-148 ក្រុមហ៊ុនអាកាសចរណ៍ Saratov Airlines អាចធ្លាក់ព្រោះតែប្រព័ន្ធនិមិត្តសញ្ញាល្បឿនរបស់យន្តហោះ មានភាពរអាក់រអួល។
ប្រភពពី RT ដែលដកស្រង់របាយការណ៍របស់គណៈកម្មាធិការអាកាសចរណ៍សហព័ន្ធរុស្ស៊ី (IAC) ឲ្យដឹងថា ពួកគេបានបញ្ចប់ការវិភាគទិន្នន័យប្រអប់ខ្មៅទី១ របស់យន្តហោះដឹកអ្នកដំណើរ An-148 ដែលបានធ្លាក់នៅថ្ងៃទី ១១ កុម្ភៈ។
IAC ឲ្យដឹងថា ៖ ការវិភាគជំហានដំបូងឲ្យឃើញទិន្នន័យល្បឿនហោះហើរពុំសុក្រិតលើប្រព័ន្ធនិមិត្តសញ្ញារបស់អ្នកបើកបរ។ នេះអាចជាមូលហេតុបណ្តាលឲ្យយន្តហោះប្រទះគ្រោះថ្នាក់។ ប្រព័ន្ធនេះអាចត្រូវបង្កក។
សមត្ថកិច្ចកំពុងស៊ើបអង្កេតតាមតម្រុយអ្នកបើកបរ មុនពេលហោះហើរឡើង ពុំដឹងប្រាកដថា ទួរប៊ីនមានចលនាដែរឬអត់ ហើយយន្តហោះមានសារធាតុប្រឆាំងការបង្កកគ្រប់គ្រាន់ដែរឬទេ។
គេកំពុងបន្តវិភាគប្រអប់ខ្មៅទី ២ ដែលថតទុកសំឡេងកើតមានក្នុងបន្ទប់អ្នកបើកបរ ដើម្បីស្វែងរកមូលហេតុឲ្យកាន់តែច្បាស់។
មុននោះ អ្នកជំនាញការមួយចំនួន ក៏បានលើកឡើងដែរថា ៖ ប្រព័ន្ធប្រឆាំងភាពបង្កករបស់យន្តហោះបានផ្អាកសកម្មភាពជាហេតុនាំឲ្យកើតមានស្ថានការណ៍បង្កម៉ាស៊ីនរបស់យន្តហោះ An-148៕ សូយន