នេះជារឿងដ៏គួរឲ្យអាណិតអាសូរខ្លាំងណាស់ ដែលលោកយាយជាជនជាតិខ្មែរឥស្លាមដ៏កម្សត់ម្នាក់ បានកំពុងជួបទុក្ខលំបាកយ៉ាងខ្លាំង ព្រោះតែពេលនេះ ផ្ទះរបស់គាត់ត្រូវភ្លើងឆេះ រួមទាំងរបស់របរលក់ដូរចាយហួយបន្តិចបន្តួច និងលុយកាក់មួយចំនួនគ្មានសល់នោះទេ។
អ្វីដែលកម្សត់ហួសថ្លែងនោះ គឺលោកយាយត្រូវចិញ្ចឹមចៅៗប្រុសស្រី២នាក់ ដែលឪពុកម្តាយរបស់ពួកគេបានស្លាប់ចោលអស់ទៅហើយៗ សព្វថ្ងៃនេះ គាត់ពឹងតែលើរបរលក់ដូរចាយហួយបន្តិចបន្តួចដើម្បីចិញ្ចឹមចៅប៉ុណ្ណោះ តែឥឡូវនេះ អ៊ីវ៉ាន់លក់ដូរ និងលុយកាក់មួយចំនួនត្រូវភ្លើងលេបត្របាក់អស់ និងផ្ទះក៏គ្មាននៅ តើឲ្យគាត់មានអ្វីជាទីពឹងទៀត។
ដូចដែលបានមើលឃើញជាក់ស្តែងនេះ លោកយាយ នី សាលីខ ក៏បានលើកដៃសំពះទៅដល់សប្បុរសជនទាំងក្នុង និងក្រៅស្រុក មេត្តាជួយគាត់ផង ព្រោះពេលនេះ គាត់អស់ពីខ្លួនរលីងហើយ គ្មានកូនចៅណាជាទីពឹងនោះទេ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ សៀក ប៊ុនណារី ដែលជាសប្បុរសម្នាក់ បានបង្ហោះឲ្យដឹងថា៖ «ខ្មែរជួយខ្មែរ លោកយាយជនជាតិឥស្លាម ពិតជាកម្សត់ហួសថ្លែង ចិញ្ចឹមចៅៗដែលឪពុកម្តាយស្លាប់ចោលហើយ បែរជាជួបរឿងអកុសល ភ្លើងឆេះផ្ទះគាត់ខ្ទេចទៀត។ ខ្ញុំនឹងទៅជួយលោកយាយឆាប់ៗនេះ 012540401 0967080007»៕ ដោយ៖ លឹម ហុង