ព្រះសីហនុ ៖ គណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ បង្ហាញរបាយការណ៍សរុបលទ្ធផលការងារសុវត្តិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ ឆ្នាំ២០១៧ ឲ្យដឹងថា ចំនួនមនុស្សស្លាប់ និងអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានថយចុះ បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៦។
លទ្ធផលនេះ បានបង្ហាញ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្តិភាពចរាចរណ៍ផ្លូវគោក ដែលក្រុមការងារសម្រេចបាន ក្នុងឆមាសទី១ ឆ្នាំ២០១៧ និងទិសដៅការងារបន្ត រៀបចំដោយ អនុគណៈកម្មការសុវត្តិភាព ចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលាឆ្នាំ២០១៧។
ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ លោក ណុប ហេង បានបង្ហាញរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆមាសទី១ ឆ្នាំ២០១៧ បញ្ជាក់ថា គ្រោះថ្នាក់នេះ បានកើតមានចំនួន ១១០ករណី (បរទេស ១៥ករណី ជនបង្ក ១២លើក ជនរងគ្រោះ ៣លើក )។ អត្រានេះបើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៦ បានកើតមានចំនួន ១៧៦ករណី ថយចុះ ៦៦ករណី ឬស្មើ ៣៧ភាគរយ។
គ្រោះថ្នាក់នេះ បានសម្លាប់មនុស្សចំនួន ៣១នាក់ ស្រី ៨នាក់ (ជនបរទេស ២នាក់ គឺជនជាតិចិន និងអង់គ្លេស។ បើប្រៀបធៀប ឆមាសទី១ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍នេះ បានសម្លាប់មនុស្សចំនួន ៥៦នាក់ បានថយចុះ ២៥នាក់ ឬស្មើ៤៤.៦៤ភាគរយ។ ក្នុងនោះរងរបួសធ្ងន់ស្រាលចំនួន ២០២នាក់ ស្រី ៤២នាក់ (ជនបរទេស ១៧នាក់ )។ បើធៀបឆមាសទី១ ឆ្នាំ២០១៦ មានអ្នករងរបួសចំនួន ៣១០នាក់ គឺថយចុះ ១០៨នាក់ ឬស្មើ ៣៤.៨៣ភាគរយ។ របួសធ្ងន់ ១០០នាក់ ស្រី ១៤នាក់ (បរទេស ៨នាក់) និងរបួសស្រាល ១០២នាក់ ស្រី ៣២នាក់ (បរទេស ៩នាក់)។
របាយការណ៍ដដែល បានបង្ហាញថា អត្រាគ្រោះថ្នាក់ចរាចរណ៍ឆមាសទី១ ឆ្នាំ២០១៧ បានខូចខាតយានយន្ត ចំនួន ១៨១គ្រឿង បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៦ មានយានយន្តចំនួន ២៩២គ្រឿង បានខូចខាត គឺ ថយចុះចំនួន ១១១គ្រឿង ឬស្មើ ៣៨ភាគរយ។
នាឱកាសនោះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មការសុវត្តិភាព ចរាចរណ៍ផ្លូវគោកខេត្តនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ អាណាព្យាបាល និងក្រុមយុវជន ត្រូវចូលរួមអប់រំផ្សព្វផ្សាយ បំផុសឲ្យគ្រប់ភាគីពាកព័ន្ធ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានទាំងអស់គ្នា ដើម្បីឈានទៅទប់ស្កាត់ចំនួនមនុស្សស្លាប់ និងរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យថយចុះចំនួន នាបណ្តាឆ្នាំខាងមុខៗទៀត។
ត្រង់ចំណុចនេះ លោក យន្ត មីន បានកត់សម្គាល់ថា កន្លងមក ទោះបីមានប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ឬអ្នកបើកបរ បានចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មានកំណើនខ្ពស់បែបណាក្តី ក៏ប៉ុន្តែការធ្វេសប្រហែស និងការបើកបរបំពានច្បាប់ របស់អ្នកកាន់ដៃចង្កូតមួយចំនួន នៅតែបន្តមានកំណើនខ្ពស់ ជាពិសេសនៅពេលមានពិធីបុណ្យជាតិធំៗចូលមកដល់ជាដើម។
ថ្នាក់ដឹកនាំគណៈកម្មការសុវត្តិភាព ចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានកត់សម្គាល់ថា កន្លងមក ឥរិយាបទក្នុងការបើកបរមានល្បឿនលឿនហួសច្បាប់កំណត់ ការមិនគោរពសិទ្ធិអទិភាព ការបត់ ការជែង ការបើកបរក្រោមឥទ្ធិពលស្រវឹង ការដឹកលើសចំណុះ ការមិនពាក់មួកសុវត្តិភាព និងការបើកបរជែងគ្នាជាដើម គឺជាដើមហេតុចម្បង បង្កឲ្យកើតមានគ្រោះធ្នាក់ចរាចរណ៍ នៅតាមផ្លូវសាធារណៈ នាមូលដ្ឋានខេត្តព្រះសីហនុ ជាបន្តបន្ទាប់មកនេះ។
តាមអនុក្រឹត្យលេខ ៨៤អនក្រ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ស្ដីពីការបង្កើតគណៈកម្មាធិការជាតិសុវត្តិភាព ចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើត ឲ្យមានគណៈកម្មាធិការជាតិសុវត្តិភាព ចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្តិភាពចរាចរណ៍ផ្លូវគោកតាមខេត្តនេះឡើង ប្រយោជន៍ដើម្បីធានា ដល់ការគ្រប់គ្រងឲ្យបានល្អប្រសើរ នូវការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញ ការធ្វើដំណើរកំសាន្ត របស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយសុវត្តិភាព៕ ដោយ ៖ សត្យា