ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពអាកាសធាតុ ដោយកូនព្យុះទី ២១ ឈ្មោះ អេតូ (ETAU) នឹងថមថយ ឥទ្ធិពលទៅជាវិសម្ពាធ ( Tropical Depression ) ពេលចូលដល់លើឆ្នេរភាគខាងត្បូងប្រទេស វៀតណាម នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយបន្ទាប់មកជាសម្ពាធទាប ( Low Pressure) ពេលចូលមកដល់លើភាគខាងកើតប្រទេសកម្ពុជានៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា យោងការតាមដាន និងការវិវត្តនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ វិសម្ពាធ (Tropical Depression ) បាន និងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះមកទិសបស្ចឹម ដោយបង្កើនឥទ្ធិពលរបស់ខ្លួនទៅជា កូនព្យុះទី ២១ ឈ្មោះ អេតូ (ETAU) នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ តាមការព្យាករ ព្យុះនេះ នឹងថមថយ ឥទ្ធិពលទៅជាវិសម្ពាធ ( Tropical Depression ) ពេលចូលដល់លើឆ្នេរភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយបន្ទាប់មកជាសម្ពាធទាប ( Low Pressure) ពេលចូលមកដល់លើភាគខាងកើតប្រទេសកម្ពុជានៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីយប់ថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ មានស្ថានភាព ដូចខាងក្រោម ៖ បណ្តារាជធានី ខេត្ត នៅតំបន់ខ្ពង់រាប ភាគឦសាន ខេត្តភាគខាងកើតជាប់ព្រំដែនប្រទេសវៀតណាម និងខេត្តភាគខាងត្បូង នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិត ពីបង្គួរទៅច្រើន ។ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងខ្យល់ក្នុងកម្រិត ពីតិចទៅបង្ហូរ និង រលកសមុទ្រមានកម្ពស់មធ្យម ។
យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជា ព័ត៌មានពិសេស បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការ យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕ដោយ៖បញ្ញាស័ក្តិ