ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចូលរួមក្នុងសន្និសីទជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាលនិងរដ្ឋមន្រី្តហិរញ្ញវត្ថុអាស៊ានជាមួយនឹងលោកជំទាវ Kristalina Georgieva នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តជាតិ (IMF) ដែលបានរៀបចំឡើងរួមគ្នារវាងធនាគារកណ្តាល
វៀតណាមនិងមូលនិធិរូបិយវត្ថុអន្តរជាតិស្តីពី“ការធានាកំណើននិងភាពធន់នៅក្នុងតំបន់អាស៊ាន៖ នយោ បាយក្រោយវិបត្តិកូវីដ-១៩”។
កិច្ចប្រជុំនេះរៀបចំឡើងតាមរយៈវីដេអូខនហ្វីរិន (Video Conference) កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
គោលបំណងនៃសន្និសីទនេះគឺដើម្បីផ្លាស់ប្តូរយោបល់និងបទពិសោធន៍រវាងអ្នករៀបចំគោលនយោបាយមកពីប្រទេសនានាក្នុងតំបន់ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលរួមមាន រដ្ឋមន្ត្រីហិរញ្ញវត្ថុ ទេសាភិបាលធនាគារកណ្តាល និងនាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ ដោយបានពិភាក្សាពីការអនុវត្តនយោបាយសំខាន់ៗ សម្រាប់គាំទ្រសកម្មភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាបញ្ហាប្រឈមចម្បងៗក្រោយវិបត្តិកូវីដ-១៩។
គួរបញ្ជាក់ថា ការរីករាលដាលជំងឺកូវីដ-១៩ គឺជាវិបត្តិមួយដែលខុសប្លែកពីវិបត្តិដទៃទៀត ដោយមិនមានប្រទេសណាមួយដែលអាចគេចផុតពីឥទ្ធិពលនៃវិបត្តិសុខភាពនិងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនេះទេ ហើយភាពមិនប្រកដប្រជាអំពីការរីករាលដាលនៃជំងឺនេះនៅតែបន្តគំរាមកំហែងនៅឡើយ។
ប្រទេសសមាជិកអាស៊ានបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ រួមទាំងគោលនយោបាយសារពើពន្ធនិងរូបិយវត្ថុវិត្ថារកម្ម និងគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ននានា សំដៅជួយរក្សាលំនឹងជីវភាពរបស់ប្រជាជនក្រីក្រនិងងាយរងគ្រោះ និងគាំទ្រសកម្មភាពសេដ្ឋកិច្ចនិងសង្គម។
ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ វិធានការដែលបានដាក់ចេញទាំងនេះត្រូវធ្វើឡើងដោយផ្តោតលើគោលដៅជាក់លាក់ និងត្រូវអនុវត្តក្នុងដំណាក់កាលនិងអំឡុងពេលសមស្រប ដើម្បីបញ្ចៀសបញ្ហា Moral hazards និងលទ្ធផលខុសពីការរំពឹងទុក ជាដើម។
នៅពេលវិបត្តិនេះបញ្ចប់ អ្នករៀបចំនយោបាយត្រូវផ្តល់អាទិភាពដល់វិស័យសំខាន់ៗដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ហើយរដ្ឋាភិបាលដើរតួនាទីចម្បងក្នុងការបែងចែកធនធានឱ្យមានប្រសិទ្ធភាពទៅកាន់វិស័យដែលជាកម្លាំងជំរុញកំណើនថ្មី ព្រមទាំងដោះស្រាយបញ្ហារចនាសម្ព័ន្ធផ្សេងៗ និងបង្កើនជំនឿទុកចិត្តក្នុងទីផ្សារ ដើម្បីជំរុញការវិនិយោគរបស់វិស័យឯកជន។ ម្យ៉ាងទៀត វិបត្តិសុខភាពនេះក៏បានបង្កឱ្យមានបញ្ហាប្រឈមចម្បងៗមួយចំនួន ជាពិសេសការកើនឡើងនូវភាពក្រីក្រនិងវិសមភាព ដែលទាមទារឱ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗត្រូវព្យាយាមកាត់បន្ថយមកវិញក្រោយពេលវិបត្តិ។ បន្ថែមលើនេះ បទពិសោធន៍ប្រទេសក្នុងតំបន់មួយចំនួនក៏បានបង្ហាញពីការកើនឡើងកម្រិតបំណុលរបស់អង្គភាពគ្រួសារ ដែលបណ្តាលមកពីការបាត់បង់ការងារនិងប្រាក់ចំណូល ដែលនេះក៏បានបង្កជាបញ្ហាប្រឈមចម្បងមួយក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ទោះយ៉ាងណា វិបត្តិកូវីដ-១៩នេះបានផ្តល់នូវកាលានុវត្តភាពមួយចំនួនផងដែរ រួមមាន ការជំរុញការវិនិយោគបៃតង ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីផល និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ សំដៅស្វែងរកប្រភពថ្មីសម្រាប់កំណើនសេដ្ឋកិច្ច ក៏ដូចជាពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងតំបន់៕
ដោយ៖CEN