តាកែវ៖ នៅព្រឹកថ្ងៃទី ១២ ខែ វិឆ្ឆិការ ឆ្នាំ២០២០នេះ ក្រុមមន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែននិងបង្ក្រាបការកន្លែងបន្លំ«កបប»សាខាខេត្តតាកែវ រួមសហការជាមួយនិងមន្ទីរពាណិជ្ជកម្មខេត្ត បានចុះពិនិត្យលើគ្រឿងឧបភោគបរិភោគមួយចំនួន នៅក្នុងផ្សារត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយបានធ្វើតេសបឋមទៅលើទំនិញមួយចំនួន ហើយជាលទ្ធផល បានរកឃើញងៀតបបែលមានផ្ទុកនៅសាធាតុគីមីបូរ៉ាក់ ដែលធ្វើអោយអ្នកទិញយកទៅបរិភោគអាចមានផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ។
លោក លី សេរីសម្បត្តិ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការកន្លែងបន្លំ ខេត្តតាកែវ បានឲ្យដឹងថា ងៀតបបែលនេះត្រូវបានមន្ត្រីជំនាញបានធ្វើតេស្តរកឃើញថា វាមានផ្ទុកនៅសាធាតុគីមីបូរ៉ាក់ ដែលធ្វើអោយប៉ះពាល់ធ្ងន់ធ្ងដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋដែលទិញយកទៅបរិភោគ ហេតុដូច្នេះមន្ត្រីជំនាញសម្រេចដកហូតងៀតបបែល ដែលដាក់តាំងលក់នៅតូបលក់ចាប់ហ៊ួយមួយចំនួន នៅក្នុងផ្សារអង្គតាសោមប្រមាណជិត ១០គីឡូក្រាម ដើម្បីយកទៅដុតកំទេចចោល ។
ក្នុងនោះដែរលោកប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការកន្លែងបន្លំ ខេត្តតាកែវ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ មេត្តាលក់ដូរនៅទំនិញ បន្លែ ផ្លែឈើ គ្រឿងហូបចុកណាដែលមានគុណភាព មិនហួសកាលបរិច្ឆេទ និងជាពិសេសថែមទៀតនោះ គឺត្រូវធានាថាទំនិញរបស់ខ្លួនកំពុងដាក់លក់ គឺមិនមានផ្ទុកសារធាតុគីមី ព្រោះបើមានមុខទំនិញណាមួយឬរបស់ហូបចុកមានដាក់សារធាតុគីមី វានឹងនាំឲ្យប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ម្យ៉ាងទៀតលក់ទំនិញគ្មានសារធាតុគីមីវាជាការរួមចំណែកមួយផងដែរ ចំពោះសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង ដែលជាអ្នកទទួលទានផងដែរ។
លោក លី សេរីសម្បត្តិ ក៍បានធ្វើការអះអាងថា មន្ត្រីរបស់លោកនិងបន្តចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅតាមបណ្ដាលផ្សារទូទាំងខេត្តតាកែវបន្តទៀត ដើម្បីធ្វើយ៉ាងណាស្វែងរកទំនិញដែលគ្មានគុណភាព ហួសកាលបរិឆ្ឆេទនិងទំនិញមានសារធាតុគីមីដើម្បីយកទៅដុតកម្ទេចចោល ហើយការធ្វើសកម្មភាពបែបនេះគឺដើម្បីការពារសុខភាពរបស់បងប្អូនប្រជាពលរដ្ឋយើង៕ដោយ៖ តាកែវ