ភ្នំពេញៈ ពិតជាសាហាវមែន បុរសម្នាក់បានយកកាំបិតអាករកូនក្មេងអាយុ ១១ខែ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌។ ករណីឃាតកម្មនេះ បានកើតឡើងនៅចំណុចវាលស្រែកំពួយប្រណាំង ស្ថិតនៅភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២០។
ជនរងគ្រោះឈ្មោះ ប៊ុនថុន សុខចំរើន ភេទប្រុស អាយុ១១ខែ ត្រូវជាក្មួយចិញ្ចឹមរបស់ជនដៃដល់។
ឃាតករឈ្មោះ ស្រ៊ីន បូនិន ហៅប៉ូច ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ។ ជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានយកកាំបិតអារកក្មេងអាយុ ១១ខែពិតប្រាកដមែន មូលហេតុដោយសារតែខ្លួនខឹងបងថ្លៃស្តីបន្ទោសឲ្យ និងធ្លាប់ធ្វើការងារក្រៅប្រទេសមានប្រើប្រាស់សារធាតុញៀន។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានថ្លែងប្រាប់ CEN ថា បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្តឹងភ្លាម លោកបានដាក់បទបញ្ជាឲ្យកម្លាំងសមត្ថកិច្ចផែនជំនាញនគរបាលព្រហ្មទណ្ឌខេត្ត ដឹកនាំលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង សហការកម្លាំងជាមួយប្រជាការពារ ព្រមទាំងមានការសម្របសម្រួល ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចាត់វិធានការជាបន្ទាន់ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរុករកជនសង្ស័យ រហូតដល់វេលាម៉ោង ២១និង៣០នាទី សមត្ថកិច្ចបានរកឃើញជនសង្ស័យខាងលើ។ គ្រាន់តែឃើញសមត្ថកិច្ចភ្លាមជនសង្ស័យបានទាញកាំបិតខ្វែវកង៉ុក ដេញកាប់កម្លាំងនគរបាល និងកម្លាំងប្រជាការពារ បណ្តាលឲ្យត្រូវប្រជាការពារម្នាក់ ឈ្មោះ ស្រ៊ីន ណៃហ៊ត់ ភេទប្រុស អាយុ៣៥ឆ្នាំ ១កាំបិត ចំខ្នង ។ ភ្លាមនោះសមត្ថកិច្ចយើង ក៏ចាប់ឃាត់បានជនសង្ស័យខាងលើ និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីធ្វើការសួរនាំ រៀបចំកសាងឯកសារ និងសំណុំរឿងតាមនីតិវិធី៕ ដោយ៖ CEN