Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អន្តរក្រសួង​ប្រជុំ​កែសម្រួល​សូចនាករ​គន្លឹះ លើ​ការវាយតម្លៃ​ការអនុវត្ត​គោលនយោបាយ IDP២០១៥-២០២៥

​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ និង​ផ្តល់​ការឯកភាព​លើ​សូចនាករ​គន្លឹះ​កម្រិត​យុទ្ធសាស្ត្រ​និង​កម្រិត​វិស័យ​សម្រាប់​ការតាមដាន និង​វាយតម្លៃ​ការអនុវត្ត​គោលនយោបាយ IDP២០១៥-២០២៥ ដែល​បាន​កែសម្រួល​។

​កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយមាន​ការចូល​រួ ពី​សំណាក់ លោក លោក លោកស្រី ជា​មន្ត្រី​បង្គោល និង​មន្ត្រី​បច្ចេកទេស តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​សមាជិក​លេខាធិការដ្ឋាន​សរុប​ប្រមាណ ៦០ រូប​។​

​គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​អន្តរក្រសួង​នេះ គឺ​ដើម្បី​ស្នើសុំ​ការឯកភាព​ពី​ក្រសួង ស្ថាប័ន​ដែលមាន​សមត្ថ​កិច្ច​ពាក់ព័ន្ធ​នឹង​សូចនាករ​គន្លឹះ​ដែល​ត្រូវបាន​កាត់បន្ថយ ស្របតាម​ការណែនាំ​រប​ស់​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ និង​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ស្នើឱ្យ ក​.​អ​.​ក ពិនិត្យ​កែសម្រួល និង​កាត់បន្ថយ​ចំនួន​សូចនាករ​គន្លឹះ​កម្រិត​យុទ្ធសាស្ត្រ និង​កម្រិត​វិស័យ ដោយ​រក្សាទុក​តែ​សូចនាករ​គន្លឹះ​ណា​ដែល​អាច​ប្រមូលបាន​នូវ​ទិន្នន័យ​ដែលមាន​គុណភាព​សមស្រប និង​មាន​ភាព​ពាក់ព័ន្ធ​ខ្លាំង​ទៅនឹង​គោលបំណង និង​អន្តរាគមន៍​គោលនយោបាយរ​បស់គោល​នយោបាយ IDP​។​

​គួរ​បញ្ជាក់ថា ការកាត់បន្ថយ​ចំនួន​សូចនាករ​គន្លឹះ ផ្អែកលើ​មូលដ្ឋានចំនួន​៤ គឺ​ភាពចាំបាច់ ប្រភព​ទិន្នន័យ ភាព​ពាក់ព័ន្ធ និង​ភាព​ស្ទួន​គ្នា​នៃ​សូចនាករ ដើម្បី​ដាក់ជូន​អង្គប្រជុំ​អន្តរក្រសួង​ពិនិត្យ​ពិភាក្សា​។ ជា​លទ្ធផល អង្គប្រជុំ​បានផ្តល់​ការឯកភាព​លើ​ការកែសម្រួល និង​កាត់បន្ថយ​ចំនួន​សូចនាករ​គន្លឹះ​នេះ ព្រមទាំង​បានផ្តល់​ធាតុ​ចូល​មួយចំនួន សម្រាប់​ការកែសម្រួល​សូចនាករ​គន្លឹះ​មួយចំនួន ជា​ចុងក្រោយ​៕

ដោយ៖CEN

×