ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា បើទោះបីជាមានការភ័យព្រួយនិងជំងឺកូវីដ ១៩ ក្តី ក៏កម្ពុជានៅតែទទួលបានគម្រោងវិនិយោគថ្មីៗ មកបណ្តាក់ទុនជាបន្តបន្ទាប់។ ជារៀងរាល់សប្តាហ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC តែងតែមានសំណើវិនិយោគពីអ្នកវិនិយោគ ដើម្បីធ្វើការសុំអនុម័តជាហូរហែ។
កាលពីពេលថ្មីៗនេះ ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើង ថា កម្ពុជាបច្ចុប្បន្ន នូវតែទទួលបានអ្នកវិនិយោគមកស្នើសុំធ្វើគម្រោងវិនិយោគ ជាបន្តបន្ទាប់ដដែល សម្រាប់រយៈពេលប៉ុន្មានខែចុងក្រោយនេះ បើទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតែបន្ដក៏ដោយ ក៏ការស្នើសុំវិនិយោគ នៅតែបន្តមានជាហូរហែរ ដូចកាលពីឆ្នាំ២០១៩ និងឆ្នាំ២០១៨ កន្លងទៅដែរ។
នៅក្នុងនោះ ឯកឧត្តមទទួលស្គាល់ថា វិស័យទេសចរណ៍កំពុងរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារជំងឺកូវីដ ១៩ ក្រៅពីនោះ វិស័យផលិតកម្មផ្សេងៗ ដូចជាការកែច្នៃកសិផលជាដើម គឺមិនទាន់ទទួលរងផលប៉ះពាល់ខ្លាំងប៉ុន្មានទេ ឯកឧត្តម បន្តថា តាមរយៈការដាក់ពាក្យស្នើសុំនាំចូលវត្ថុធាតុដើម សម្រាប់បម្រើការងារវិនិយោគរបស់អ្នកវិនិយោគផ្សេងៗ នៅតែដំណើរការ មិនមានការថមថយនោះទេ។
គួរបញ្ជាក់ថា រយៈពេលប៉ុន្មានខែចុងក្រោយថ្មីនេះ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនជាច្រើន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនទាំងនោះវិនិយោគលើគម្រោងរោងចក្រផលិតសម្លៀកបំពាក់ ផលិតស្រោមដៃ ផលិតគ្រឿងបន្សំស្បែកជើង កាបូប ផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង ខ្សែភ្លើង និងផលិតផលពីប្លាស្ទីកគ្រប់ប្រភេទ និងគម្រោងរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទជាដើម៕
ដោយ៖CEN