ខេត្តស្វាយរៀង៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះចែកពូជដំណាំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់គ្រួសារប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀងមានចំនួន ១៥២ គ្រួសារមកពីរឃុំមុខដារ ឃុំសម្បត្តិមានជ័យ ឃុំចន្ត្រី ឃុំម្រាម និងឃុំសំបួរនៅស្រុករមាសហែក ខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តលោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងបងប្អូនប្រជាកសិករជាច្រើនរូបទៀត។
មានប្រសាសន៍ទៅកាន់ពិធីនេះ លោកអភិបាលរងខេត្ត បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលានូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោកបាន បន្តថា ក្នុងនាមលោកអភិបាលខេត្ត សូមសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ និងខូចខាតផលដំណាំ កសិផល ជាមួយបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនារយៈពេលកន្លងមក ជាពិសេសនៅឃុំមួយចំនួនក្នុងស្រុករមាសហែកដូចបានរៀបរាប់ខាងលើ ។
ទន្ទឹមនេះក្នុងនាមអាជ្ញាធរមូលដ្ឋាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន តាមរយៈក្រសួងកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទបាននាំយកនូវពូជដំណាំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ។
លោក អភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួន ព្រមទាំងក្រុមគ្រួសារ និងសហគមន៍ពីជំងឺកូវីដ-១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ ។ ក្នុងនោះត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ចូលរួមពង្រឹងនូវភូមិឃុំមានសុវត្ថិភាព និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសសូមបន្តរួមគ្នាការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើងរួមបន្តអភិវឌ្ឍន៍ប្រទេសយើងទៅមុខទៀត។
អំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្ដល់ជូនប្រជាពលរដ្ឋ ទាំង ១៥២គ្រួសារ នាឱកាសនេះ ក្នុងមួយគ្រួសារ ទទួលបាន ពូជដំណាំ០៤ ប្រភេទ ស្មើនិង ០៦កញ្ចប់ផងដែរ ៕ ដោយ៖វ៉ៃកូ