ភ្នំពេញៈ ដំរីខាវ៉ាន់ អាយុ៣៥ឆ្នាំ ដែលមានឈ្មោះល្បីល្បាញនៅក្នុងប្រទេសប៉ាគីស្ថាន នឹងត្រូវបញ្ជូនឲ្យមករស់នៅក្នុងប្រទេសកម្ពុជានាចុងខែវិច្ឆិកាខាងមុខនេះ ដោយមានការអនុញ្ញាតរួចហើយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការដឹកជញ្ជូនដំរីខាវ៉ាន់មកកម្ពុជា។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោកនេត ភត្ត្រា បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះថា ភាគីពាក់ព័ន្ធកំពុងតែរៀបចំនីតិវិធីក្នុងការបញ្ជូនដំរីខាវ៉ាន់មកកម្ពុជា ដោយមានការសម្របសម្រួលពីអង្គការ CWS និងអង្គការនៅប៉ាគីស្ថាន គ្រោងនឹងដឹកដំរីខាវ៉ាន់តាមយន្តហោះ។ តាមការរំពឹងទុកដំរីខាវ៉ាន់នឹងមកដល់ប្រទេសកម្ពុជានៅចុងខែវិច្ឆិកានេះ។ លោកនេត ភត្ត្រា បានបន្តថា ដំរីខាវ៉ាន់ មានអាយុ ៣៥ឆ្នាំ ភេទឈ្មោល ជាប្រភេទដំរីអាស៊ី និងជាប្រភេទសត្វជិតផុតពូជនៅក្នុងទ្វីបអាស៊ី។
អ្នកនាំពាក្យក្រសួងបរិស្ថានបានបន្តទៀតថា កម្ពុជាសូមអរគុណរដ្ឋាភិបាលប៉ាគីស្ថាន ចំពោះកិច្ចសហប្រតិបត្តិការនៅក្នុងកិច្ចការអភិរក្សសត្វដំរីអាស៊ីដែលជាប្រភេទសត្វកម្រ។ ដំរីខាវ៉ាន់ មានអាយុ ៣៥ឆ្នាំ ភេទឈ្មោល គឺជាដំរីមួយស្ថិតនៅក្នុងប្រទេសប៉ាគីស្ថានជាច្រើនឆ្នាំមកហើយ ដែលជាដំរីដែលនឹងត្រូវបញ្ជូនមកកាន់ប្រទេសកម្ពុជា ដើម្បីដាក់ចូលឲ្យទៅរស់នៅក្នុងព្រៃធម្មជាតិ គឺនៅក្នុងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដោយមានការថែរក្សាការពារដោយអង្គការ CWS និងក្រសួងបរិស្ថាន។ ដោយលោកបញ្ជាក់ថា “យើងនឹងថែរក្សាការពារដំរីខាវ៉ាន់នេះឲ្យបានល្អ ហើយនៅពេលដែលដំរីនេះមានភាពសុំាទៅនិងព្រៃរបស់កម្ពុជា គឺយើងនឹងប្រលែងចូលទៅក្នុងព្រៃ ហើយយើងសង្ឃឹមថា ដំរីខាវ៉ាន់នេះនឹងរីករាយជាមួយព្រៃនៅក្នុងកម្ពុជា”។
លោកនេត ភត្ត្រា បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានដំរីព្រៃ (ប្រភេទជាដំរីអាស៊ី) មានចន្លោះពី ៤០០ទៅ៦០០ក្បាល ដែលកំពុងតែរស់នៅក្នុងព្រៃអភិរក្សតំបន់ជួរភ្នំក្រវ៉ាញ និងនៅភាគឦសានប្រទេសកម្ពុជាមានដូចជា មណ្ឌលគិរី រតនគិរី ជាដើម៕
ដោយ៖CEN