សៀមរាប ៖ លោក នេត ភត្រា្ត រដ្ឋលេខាធិការនៃក្រសួងបរិស្ថានថ្លែងថា ក្នុងមួយឆ្នាំកម្ពុជាផលិតសំរាមប្រមាណ៦៥ ភាគរយ ជាសំណល់សិររីរាង្គ ប្រមាណ២០ ភាគរយ ជាសំណល់ប្លាស្ទិក នៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងៗទៀត។
ក្នុងចំណោមសំរាមទាំងអស់នោះ មានត្រឹមតែប្រមាណ ៥១ភាគរយ ប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅនោះត្រូវគេបោះចោលយ៉ាងអនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុតចោលជាដើម»។
លោក នេត្រ ភក្ត្រា បានបន្តថា កម្ពុជាមិនទាន់មានតួលេខថាក្នុងមួយឆ្នាំប្រើប្រាស់ប្លាស្ទិកប៉ុន្មានតោននៅឡើយ ប៉ុន្តែគ្រាន់តែនៅរាជធានីភ្នំពេញ ក្នុងមួយថ្ងៃថង់ប្លាស្ទិកជាង ១០លានថង់ ត្រូវបានប្រើប្រាស់។ នៅលើពិភពលោក ក្នុងមួយឆ្នាំបានប្រើប្រាស់ប្លាស្ទិកចន្លោះពី៤០០ ទៅ៦០០លានតោន ហើយចាប់តាំងពីបង្កើតប្លាស្ទិកមក សំណល់ប្លាស្ទិកនៅលើភពផែនដីមានប្រមាណ ៩,៣ប៊ីលានតោន ហើយចំនួននេះនឹងត្រូវបន្តកើនឡើងនៅពេលដែលចាប់ពីឆ្នាំ២០២៥ ពិភពលោកប្រើប្រាស់ប្លាស្ទិកប្រមាណ ៦០០លានតោន ក្នុងមួយឆ្នាំ។
លោកបន្តថា៖«ប្រសិនបើមិនមានវិធានការតឹងរ៉ឹងក្នុងការកាត់បន្ថយប្រើប្រាស់ប្លាស្ទិកលើទេ នៅលើពិភពលោកនឹងមានសំណល់ប្លាស្ទិកកើនដល់ ៣៤ប៊ីលានតោននៅឆ្នាំ២០៥០ ហើយចំនួននេះមាន ច្រើនជាងចំនួនត្រីនៅក្នុងមហាសមុទ្រទៅទៀត។»
លោក នេត្រ ភក្ត្រា បានលើកឡើងថា តាមរបាយការណ៍កាលពីឆ្នាំ២០១៩កន្លងទៅ សំណល់ប្លាស្ទិកជាង ៤០០០ ការ៉ុង (ទម្ងន់ប្រមាណជិត ២០០តោន) ត្រូវបានប្រមូលចេញពីទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប ហើយនៅឆ្នាំ២០២០ នេះ សំណល់ប្លាស្ទិកប្រមាណជាង ៥០០០ថង់ (ប្រមាណជិត ២៥០តោន) ត្រូវបានប្រមូលយកទៅកែច្នៃធ្វើជាឥដ្ឋបរិស្ថាន។
លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថានអំពាវនាវដល់ប្រជាសហគមន៍ រស់នៅលើបឹងទន្លេសាបទាំងនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តដទៃទៀតរួមមាន៖ កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង ចូលរួមសម្អាតបរិស្ថានដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកសំដៅទប់ស្កាត់ការបំពុលប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះនៅទន្លេសាបជាបឹងដែលពិភពលោកទទួលស្គាល់ថាសម្បូណ៌ត្រីច្រើនជាងគេ។
លោកថា បឹងទន្លេសាបមានទេសភាពស្អាតសម្បូណ៌ដោយជីវចម្រុះ ជាពិសេសមច្ឆជាតិជាច្រើនប្រភេទ មានប្រព័ន្ធអេកូឡូស៊ី ដែលចាំបាច់ត្រូវតែទប់ស្កាត់កុំឱ្យមានការបំពុលដោយប្លាស្ទិក រក្សាគុណភាពទឹកឱ្យបានល្អ សោភ័ណភាពស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។ យើងត្រូវអនុវត្តនូវទិសស្លោក យើងស្អាត សហគមន៍យើងស្អាត ទន្លេសាបស្អាត ដោយគ្មានប្លាស្ទិក៕
ដោយ៖CEN