Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា នៅតែ​បន្ត​មាន​កំណើន​ល្អ

​ភ្នំពេញ​៖ បើទោះបីជា កម្ពុជា​កំពុង​ទទួលរង​នូវ​ឥទ្ធិពល​ពី​ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ​ខាង​សមាគម​ធានារ៉ាប់រង​កម្ពុជា បាន​អះអាង​ឲ្យ​ដឹងថា វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា នៅតែ​បន្ត​មាន​កំណើន​ល្អ​។

​ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា លោក ហ៊ុយ វ៉ាត​ថា​រ៉ូ បានឱ្យដឹងថា ក្នុង​រយៈពេល​៩ ខែ ឆ្នាំ​២០២០​នេះ ប្រាក់ចំណូល​នៅក្នុង​វិស័យ​ធានារ៉ាប់រង មាន​ចំនួន​ជាង ១៨៦​លាន​ដុល្លារ​អាមេរិក ដោយបាន​កើនឡើង​ជាង ៨​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩​។​

​លោក ហ៊ុយ វ៉ាត​ថា​រ៉ូ បាន​បញ្ជាក់ថា ផ្អែក​តាម​ការ​បូកសរុប​លទ្ធផល​ពី​ក្រុមហ៊ុន​ដែលជា​សមាជិក​ប្រមាណ ៣២ ក្រុមហ៊ុន បង្ហាញ​ឲ្យ​ឃើញថា ក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០២០ នេះ បុព្វលាភ​ដែល​ទទួលបាន​ពី​វិស័យ​ធានារ៉ាប់រង សរុប​១៨៦ លាន ដុល្លារ​អាមេរិក ក្នុងនោះ បុព្វលាភ​ធានារ៉ាប់រង​ទូទៅ​មាន​ជិត ៨៩ លាន​ដុល្លារ កើន ជាង ១៨​ភាគរយ បុព្វលាភ​ធានារ៉ាប់រង​អាយុជីវិត​ទទួលបាន​ជិត ១១០​លាន​ដុល្លារ កើន​ជិត ៣​ភាគ ខណៈ បុព្វលាភ​ធានារ៉ាប់រង​ខ្នាតតូច​វិញ ទទួលបាន​ជាង ៤​លាន​ដុល្លារ ថយចុះ ២២​ភាគរយ​។​

​លោក ហ៊ុយ វ៉ាត​ថា​រូ បញ្ជាក់ថា ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ ១៩ មកលើ​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា គឺមាន​ឥទ្ធិពល​តិចតួច​នៅឡើយ ហើយ​វិស័យ​ធានារ៉ាប់រង​អាយុ​ជិវិត ដែល​កន្លងមក មាន​កំណើន​ខ្ពស់​រហូត ៤០​ភាគរយ ឥឡូវនេះ​បាន​ថយចុះ​កំណើន​មក​នៅត្រឹម​ជិត ៣​ភាគរយ​ប៉ុណ្ណោះ ដោយសារតែ​ក្នុង​មួយរយៈ​ពេល​កូ​វីដ ១៩ នេះ រាល់​ការជួបជុំ​ជាមួយ​អតិថិជន​សក្តានុពល​មួយចំនួន​ត្រូវបាន​លុបចោល​។​

​បច្ចុប្បន្ននេះ ក្រុមហ៊ុន​ដែលជា​សមាជិកសមាគម​ធានារ៉ាប់រង​នៅ​កម្ពុជា មាន​ចំនួន​៣២ ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​មាន​ចំនួន ១៣ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ចំនួន ១១ និង​ធានារ៉ាប់រង​ខ្នាតតូច​មាន​ចំនួន ៧ ក្រុមហ៊ុន​។​

​លោក​ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា នៅតែ​រំពឹង​ខ្ពស់​ចំពោះ​កំណើន​នៅក្នុង​វិស័យ​ធានារ៉ាប់រង​កម្ពុជា​ថា វា​នឹង​នៅតែ​រក្សាបាន​កំណើន​ល្អ​នៅ​ដំណាច់ឆ្នាំ​២០២០​នេះ ដោយសារតែ​មានការ​រុញច្រាន​នៃ​កំណើន​ធានារ៉ាប់រង​ទូទៅ​។​

​សូមជម្រាបថា ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០២០​នេះ សំណង​ដែល​ក្រុមហ៊ុន​ធានារ៉ាប់រង​បាន​ទូទាត់​ជូន​អតិថិជន​មាន​ចំនួន​ជិត ២២ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ធានារ៉ាប់រង​ទូទៅ​បានផ្ដល់​សំណង​ជាង ១៦​លាន​ដុល្លារ ធានារ៉ាប់រង​អាយុជីវិត​ផ្ដល់​ជិត ៥​លាន​ដុល្លារ និង​ធានារ៉ាប់រង​ខ្នាតតូច​បានផ្ដល់​សំណង​ជាង ៧​សែន​ដុល្លារ​៕
ដោយ​៖CEN


×