ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានអោយដឹងថា កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ទទួលការងារ ព័ត៌មានសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស និង ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ហើយចូលរួលសម្របសម្រួលផ្លូវច្បាប់ពី លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តព្រះសីហនុ បានដឹកនាំកម្លាំងសហការជាមួយសមត្ថកិច្ចជំនាញ មកពីប្រទេសថៃ បានចុះបង្ក្រាប និងឃាត់ខ្លួនជនបរទេស ដែលជាប់ពាក់ព័ន្ធ ឬសង្ស័យប្រព្រឹត្តិបទល្មើសចាប់ជំរិតលុយខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណេត ឬអនឡាញ។
របាយការណ៍បណ្តោះអាសន្ន របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ហាញថា គិតត្រឹមម៉ោង ជិត១១ថ្ងៃត្រង់ថ្ងៃទី១៦ ខែកុម្ភៈ២០១៨ មានជនសង្ស័យ ដែលជាបរទេសចំនួន ៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះមានបុរសជនជាតិថៃម្នាក់ និងបុរសជនជាតិចិនតៃវ៉ាន់ចំនួន ២នាក់ រួមជាមួយវត្ថុតាងមួយចំនួនទៀតត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួន។
បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ទៅកាន់សាលាដំបូងខេត្តព្រះហនុ។ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអោយដឹងថា យុទ្ធនាការចុះបង្ក្រាបបទល្មើសចាប់ជំរិតមនុស្សតាមប្រព័ន្ធអ៊ីនធើណេត ឬអនឡាញនេះ កម្លាំងជំនាញ ក៏បានចុះធ្វើសកម្មភាព ដូចគ្នានេះដែរ នៅឯរាជធានីភ្នំពេញ៕ ដែន សីមា