ភ្នំពេញៈ លោក កៅ សារ៉ាណា ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអាកាសយាន្តដ្ឋានអន្តរជាតិកងកេង (ខេត្តព្រះសីហនុ) បានរងការចោទប្រកាន់ថា យកលុយពីភ្ញៀវដែលចូលក្នុងប្រទេស រាល់ភ្ញៀវមានទិដ្ឋការហើយក្នុងម្នាក់ ១០ដុល្លារ បើភ្ញៀវណាអត់បង់ឲ្យទេ គាត់ប្រាប់មន្ត្រីប្រថាប់ត្រាយឺត បើបានបង់លុយឲ្យ គាត់ប្រាប់មន្ត្រីប្រថាប់ឲ្យលឿនជូនភ្ញៀវ។
យោងតាមប្រភពបានបន្តថា រាល់ភ្ញៀវចេញទៅប្រទេសគេវិញ លោក កៅ សារ៉ាណា ឲ្យបង់លុយម្នាក់ ៥ដុល្លារ បើមិនបង់ទេ គាត់ប្រាប់មន្ត្រីប្រថាប់ត្រាឲ្យនៅក្រោយគេរហូតយន្តហោះជិតបិទទ្វាបានប្រាប់មន្ត្រីប្រថាប់ត្រាឲ្យទៅ។ ចំពោះរឿងបញ្ហាផាស VIP យកទៅលក់ឲ្យភ្ញៀវចិនក្នុងម្នាក់ ២០ដុល្លារ ទើបឲ្យចូលទៅខាងក្នុងព្រលានយន្តហោះ។
ប្រភពបានបន្តទៀតថា ប៉ូលិសអន្តោប្រវេសន៍ ស្ថាប័នគយ និងសន្តិសុខ មានសកម្មភាពរញ៉េរញ៉ៃពាសពេញព្រលានយន្តហោះដណ្តើមម៉ូយគ្នា គ្មានគិតបញ្ហាប្រឈមមុខរឿងកូវីដទេ អោយតែបានលុយជ្រែទាំងពេទ្យចន្តាឡីស័កថែមទៀតផង។ សូមមើលក្នុង camera នៅក្នុងព្រលានខេត្តព្រះសីហនុវានិងបង្ហាញឲ្យឃើញសកម្មភាពពួកគាត់ហើយ។
ទាក់ទងការចោទប្រកាន់ខាងលើនេះ លោក កៅ សារ៉ាណា ប្រធានធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអាកាសយាន្តដ្ឋានអន្តរជាតិកងកេង បានធ្វើការបដិសេធ និងច្រានចោលទាំងស្រុង គឺមិនមែនជាការពិតនោះទេ។ “ពាក់ព័ន្ធនឹងករណីខាងលើនេះ ខ្ញុំសូមច្រានចោលទាំងស្រុង យើងមិនអាចធ្វើអីមួយទៅបំពានលើក្របខ័ណ្ឌ ក៏ដូចជាការដឹកនាំនៅក្នុងស្ថាប័ន ហើយមានច្រើនស្ថាប័នចូលរួមពាក់ព័ន្ធគណៈកម្មការកូវីដ១៩ អីចឹងអ្វីៗដែលយើងធ្វើនឹងមិនមែនយល់ស្របតែយើងម្នាក់ឯងបានទេ”។
លោកលោក កៅ សារ៉ាណា បានបញ្ជាក់ថា ការចោទប្រកាន់ថា លោកមិនប្រថាប់ត្រាឲ្យគេ ហើយប្រថាប់ត្រាយ៉ាងមម៉េច បើភ្ញៀវទាំងអស់ចុះមកមានពិនិត្យចត្តាឡីស័កផង មានធនាគារផង និងមានគណៈកម្មការខេត្តផង ហើយទម្រាំតែមកដល់លោកក្រោយគេ ហើយស្ថាប័នទាំងអស់នឹងរួមគ្នា ហើយឲ្យលោកទៅធ្វើយ៉ាងម៉េចបានទៅគំរាមកំហែងគេយក ១០ដុល្លារបាន គឺវាមិនអាចទៅរួចទេ។ ហើយមានដាក់ផ្លាកសញ្ញាសរសេរថា ទីនេះពុំមានការបង់ប្រាក់ គឺមានជាអក្សរចិន អង់គ្លេស និងអក្សរខ្មែរ។
ពាក់ព័ន្ធករណីនេះ បើតាមប្រភពពីមន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN ឲ្យដឹថា ចំពោះករណីនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពិនិត្យលើករណីជាមុខការ។
ចំណែកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មិនសុំការអត្ថាធិប្បាយលើករណីខាងលើនេះបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល៕
ដោយ៖CEN