ភ្នំពេញ៖ យុវជនម្នាក់បានបើកម៉ូតូវ៉ាជែងជាមួយនឹងម៉ូតូមួយគ្រឿងទៀត បានទាក់ដៃចង្កូតបណ្ដាលឱ្យដួលត្រូវបានរថយន្តដឹកថ្ម កិនចំពាក់កណ្តាលខ្លួនបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧និង២៥នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២០ ត្រង់ចំណុចមុខសាលារៀនវីគីវេ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ នៅភូមិដំណាក់ត្រយឹង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូម៉ាកPCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1lG 0193 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏បានវ៉ាម៉ូតូមួយគ្រឿងទៀត បណ្ដាលឱ្យទាក់ដៃចង្កូតបានដួលត្រូវបានរថយន្តដឹកថ្មកិនចំពាក់កណ្តាលខ្លួន បណ្ដាលឲ្យស្លាប់ ចំណែកឯរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 3E 2156 បើកបរក្នុងទិសដៅស្របគ្នា បើកបរដោយជនមិនស្គាល់ឈ្នោះ និងអាសយដ្ឋាន ហើយជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ឯជនរងគ្រោះមានឈ្នោះ អឿន ចិន្តា អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង ហើយយករថយន្តនិងម៉ូតូ ទៅរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ដោយទ្បែកសពជនរងគ្រោះ បានប្រគល់ឲ្យសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ នៅឯស្រុកកំណើតតាមប្រពៃណី៕ដោយ៖មីដា ផាន់ណា